សេចក្តីអត្ថាធិប្បាយ
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងសង្គម ក៏ដូចជាតាម ប្រវត្តិសាស្រ្តតាំងពីសម័យនគរភ្នំរហូតមកដល់សម័យបច្ចុប្បន្ននេះ គេសង្កេតឃើញថានារីបានចូលរួមយ៉ាងសកម្មជាដៃគូជាមួយនឹងបុរស។ ទោះបីជាការងារតូចក្តីធំក្តីគេមិនអាចខ្វះដៃគូជាស្ត្រីបានឡើយ។ អាស្រ័យហេតុនេះហើយបានជាមានទស្សនៈមួយលើកឡើងថា “នារីមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ”។ តើស្រ្តីមានតួនាទីសំខាន់អ្វីខ្លះក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ?
ជាបឋមយើងគប្បីយល់នូវពាក្យថា“តួនាទីសំខាន់” និង “អភិវឌ្ឍ” ជាមុនសិន។ តួនាទីសំខាន់ មានន័យថាជាភារកិច្ច ឬ ជាមុខ ងារយ៉ាងពិសេសពុំអាចអត់បាន។ រីឯអភិវឌ្ឍមានន័យថា ភាពរីក ចម្រើន ឬការធ្វើឱ្យរីកចម្រើន។ អត្ថន័យរបស់ប្រធានខាងលើចង់និយាយថានារីមានតួនាទីយ៉ាងពិសេសក្នុងការជំរុញឱ្យ គ្រួសារ និង សង្គមជាតិទទួលបាននូវភាពរីកចម្រើន។
ជាការពិតណាស់នៅក្នុងគ្រួសារនិមួយៗ នារីមានភារកិច្ចយ៉ាងសំខាន់ ដែលត្រូវរែកពុនរាប់មិនអស់។ នារីត្រូវទទួលបន្ទុកជាអ្នកពរពោះអស់រយៈពេល៩ខែ ដោយក្តីវេទនា និង ជាអ្នកផ្តល់កំណើតដល់បុត្រធីតាទាំងឡាយ។ ពេលកូនប្រសូតមក នារីត្រូវទទួលបន្ទុកជាអ្នកចិញ្ចឹមបីបាច់ថែទាំងបំបៅដោះកូន និងថ្នាក់ថ្នមកូនពុំដែលធ្វេសប្រហែស។ មិនតែប៉ុណ្ណោះនារី ត្រូវប្រកបការងារចិញ្ចឹមកូនមិនចាញ់បុរសឡើយ។ មាតាទាំងឡាយជាអ្នកស្និទ្ធស្នាលជាងឪពុក ដោយបានអប់រំទូន្មានកូនចៅគ្រប់បែបយ៉ាង ដើម្បីឱ្យកូនក្លាយជាមនុស្សល្អនឹងគេ។ ជាងនេះទៅទៀតនារីគឺជាអ្នកផ្តល់ភាពកក់ក្តៅបំផុតនៅក្នុងគ្រួសារដោយស្គាល់សុខទុក្ខប្ដីចេះគោរពប្តីដោយ ចេះយោគយល់គ្នាទៅវិញទៅមក ព្រមទាំងជាមេផ្ទះដ៏ល្អ និងជាអ្នករៀបចំទុកដាក់ទ្រព្យសម្បត្តិឱ្យបានគង់វង្សទៀតផង។ ឧទាហរណ៍ នៅក្នុងគ្រួសារមួយបើមាននារីជាអ្នកទុកដាក់ទ្រព្យសម្បត្តិដែលប្តីរកបានត្រឹមត្រូវ និងចេះសន្សំសំចៃក្នុងការចាយវាយមិនខ្ជះខ្ជាយ គ្រួសារនោះប្រាកដជា មានទ្រព្យ សម្បត្តិបរិបូរ និង មានសុភមង្គលជាមិនខាន។ ទន្ទឹមនឹងតួនាទីធ្ងន់ធ្ងរនៅក្នុងគ្រួសារ នារីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសង្គមដែរ ដូចជានារីជាអ្នកដឹកនាំការងារធំៗ បានមិនចាញ់បុរសឡើយ។ នារីបានចូលរួមចំណែកក្នុងចលនាសង្គមយ៉ាងសស្រាក់សស្រាំ និងជួយដោះស្រាយបញ្ហាលំបាកផ្សេងៗ។ ជាក់ស្តែងនារីបានចូលខ្លួនប្រឡូកក្នុងការងារជាច្រើនដូចជាគ្រូបង្រៀន វេជ្ជបណ្ឌិត គ្រូពេទ្យ និយោជក និយោជិត សហគ្រិន ជាមេឃុំ ស្មៀនឃុំ សិល្បៈករ ប្រធានសមាគម សហជីព ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងជាថ្នាក់ដឹកនាំសំខាន់ៗដ៏ទៃទៀតជាច្រើន។ជួនកាលការងារខ្លះត្រូវតែពឹងផ្អែកលើនារីដោយពុំអាចខ្វះបានទៀត ផងដូចជាឆ្មបជាដើម។ ម្យ៉ាងទៀតការងារខ្លះមានតែនារីទេដែលដឹងចិត្តនារីដូចគ្នា។ ដូច្នោះ ការងារអ្វីៗក៏មិនអាចឃ្លាតចាកពីនារីបានឡើយ។ ឧទាហរណ៍ ការដឹកនាំមួយដោយរាប់បញ្ចូលដោយថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូល គឺនារីដាច់ខាតនៅតែជា កម្លាំងចលករដ៏មានតម្លៃមិនអាចខ្វះបាន។ បើសង្គមណាលុបបំបាត់ការងាររបស់ នារី មានន័យថាសង្គមនោះបាត់បង់ដៃម្ខាងរបស់ខ្លួនហើយ។ សូម្បីតែនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរដ៏យូរលង់ណាស់មកហើយក៏បង្ហាញពីតម្លៃរបស់នារីដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍរបស់ប្រទេសជាតិដែរជាពិសេសព្រះនាងលីវយីបឋមក្សត្រខ្មែរ និងព្រះនាងឥន្រ្ទទេវីដែលជាកំពូលនារីដ៏អស្ចារ្យដែលចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ ចំណែកនៅក្នុងអក្សរសិល្ប៍ខ្មែរវិញមានស្នាដៃជាច្រើនបានសរសេរសសើរអំពីសកម្មភាពវីរៈភាពនៃគំរូខ្មែរក្នុងការចូលរួមគ្រប់សកម្មភាពរបស់ សង្គម។ ដូចមាននៅក្នុងរឿងភូមិតិរិច្ឆាន តួអង្គនាងនី នាងគឺជា និមិត្តរូបរបស់អ្នកក្រាំងលាវក្នុងការទាមទារសិទ្ធិសេរីភាពពីអាណា និគមនិយមបារាំង ដោយមិនខ្លាចអំណាចបារាំងបារដេសបន្តិចណាឡើយ។ ម្យ៉ាងវិញទៀត នៅក្នុងអត្ថបទសម្រង់កៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ នៃរឿងតេជោយ៉ត ដោយសារតែជំទាវស្រែនមានការគ្រប់គ្រងល្អ ស្មារតីជាតិនិយម ឬក្នុងភាពជាពលរដ្ឋល្អ ភាពជាអ្នកដឹកនាំដ៏វៃឆ្លាត បែបនេះហើយ ទើបលោកជំទាវអាចប្រើវីធីកម្ចាត់ស្តេចសំរ៉ែដែលជាជនក្បត់ផែនដីបានសម្រេចជោគជ័យដ៏ត្រចះត្រចង់។ វីធីនេះគឺវា ចំណេញទាំងស្បៀង ទាំងកងទ័ព ទាំងពេលវេលាជូនជាតិមាតុភូមិ និងស្វាមីនាង។
សរុបសេចក្តីមកតាមការរៀបរាប់ខាងលើបង្ហាញឱ្យឃើញថានារីពិតជាមានតួនាទីយ៉ាងសំខាន់សម្រាប់អភិវឌ្ឍគ្រួសារ និង សង្គមជាតិ សមដូចសុភាសិតខ្មែរដែលបានលើកឡើងថា«សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយាចេះទុកដាក់» ឬ«សំណាបយោងដីស្រីយោងប្រុស» ជាដើម។
ដូចនេះទស្សនៈរបស់ប្រធានខាងលើពិតជា មានខ្លឹមសារយ៉ាង ប្រសើរសម្រាប់ឱ្យយើងគោរពស្រ្តីភេទព្រោះស្ត្រីភេទក៏អាចអភិវឌ្ឍគ្រួសារ និងសង្គមជាតិដូចបុរសដែរ។ ដូច្នេះស្ត្រីទាំងឡាយត្រូវតែប្រកាន់ និងរក្សានូវប្រពៃណីឱ្យបានប្រពៃ ហើយត្រូវខិតខំរៀនសូត្របង្កើនសមត្ថភាពផ្ទាល់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឱ្យសមនឹង ពាក្យថាស្ត្រីជាមាតានៃពិភពលោក។
0 Comments