Header Ads Widget

ប្រធាន ៖ គេថា “ចង់អភិវឌ្ឍប្រទេសកម្ពុថា ថាចាំបាច់គួរតែ យកវិស័យកសិកម្ម និងវិស័យទេសចរណ៍ថាមូលដ្ឋាន” ។ តើបណ្តាលមកពីមូលហេតុអ្វី ? ចូរបង្ហាញ ។

សេចក្តីអធិប្បាយ 

    ប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅតំបន់ភូមិភាគអាស៊ីអគ្នេយ៍ ទទួលឥទ្ធិពលខ្យល់មូសុង ក្ដៅសើម ងាយស្រួលដល់ការដាំដុះ ហើយក៏ជាប្រទេសមួយដែលមាន វប្បធម៌ល្បីល្បាញ និងមានរមណីយដ្ឋានដ៏ស្រស់បំព្រងអាចទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើនកុះករ។ ទាក់ទងទងទៅនឹងវិស័យទាំងពីរនេះហើយ ទើបមានទស្សនៈមួយបានលើកឡើងថា “ចង់អភិវឌ្ឍប្រទេសកម្ពុជាគួរតែយកវិស័យកសិកម្ម និងវិស័យទេសចរណ៍ជាមូលដ្ឋាន”។

    តើបណ្តាលមកពីមូលហេតុអ្វី ?

    ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិសកុំឲ្យងាករេផ្តេសផ្កាសនាំឲ្យបង់ផលប្រយោជន៍ ខាត់បង់កម្លាំង និងពេលវេលាក្នុងការបកស្រាយទស្សនៈប្រធាន ឲ្យកាន់តែមានអត្ថន័យស៊ីជម្រៅ និងកាន់តែក្បោះក្បាយថែមទៀតនោះ គប្បីត្រូវយើងយល់ន័យរបស់ពាក្យគន្លឹះមួយចំនួនក្នុងប្រធានជាមុនសិន ។ ពាក្យ  “អភិវឌ្ឍ”  គឺការរីកចម្រើនជឿនលឿន ។ រីឯ “វិស័យកសិកម្ម” គឺជាវិស័យដែលទាក់ទងទៅនឹងការងារស្រែចម្ការ ឬការដាំដុះ ។ ចំណែក “វិស័យទេសចរណ៍” គឺសំដៅរបរដែលទាក់ទងទៅនឹងការងារដើរកម្សាន្ត។ ដូចនេះ ប្រធានចង់និយាយថាការអភិវឌ្ឍកម្ពុជាឲ្យរីកចម្រើនទៅបាន ជាចាំបាច់កម្ពុជាគួរតែយកវិស័យ ដែលទាក់ទងនឹងការងារការធ្វើស្រែចម្ការ និងរបរការងារក្នុងការដើរកម្សាន្តមកធ្វើជាមធ្យោបាយ។

    ជាការពិតណាស់ ចង់ឲ្យប្រទេសកម្ពុជារីកចម្រើននោះ ត្រូវយកវិស័យកសិកម្មធ្វើជាមូលដ្ឋាន ព្រោះប្រជារាស្ត្រខ្មែរភាគច្រើនមានជំនាញ និងទេពកោសល្យផ្នែកការដាំដុះ ហើយទឹកដីខ្មែរមានជីជាតិ អាកាសធាតុអំណោយផលនានាដល់ការដាំដុះឲ្យទទួលបានទិន្នផលខ្ពស់។ ម្យ៉ាងទៀត កម្ពុជាមានប្រភពទឹកគ្រប់ទីកន្លែងដែលអាចធានាដល់ការស្រោចស្រពលើដំណាំនានាបានគ្រប់រដូវកាល។ ការដែល យកកសិកម្មជាមូលដ្ឋាននេះ ប្រាកដជាធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការបោះជំហានទៅមុខដូចករណីដែលយើងបានជួបប្រទះកន្លងមក។ ក្រៅពីការដាំដុះកម្ពុជានៅមានព្រៃឈើ ជលផល ដែលបានស្រូបយកចំណូលជាច្រើន ដើម្បីបម្រើដល់ការកើនឡើងនៃជីវភាពខ្មែរគ្រប់ទិសទី ។ ទន្ទឹមនឹងនេះចង់ឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ យើងក៏តោងយកវិទេសចរណ៍ធ្វើជាស្នូល ព្រោះប្រទេសខ្មែរយើងមានសម្បត្តិវប្បធម៌សម្បូរបែប ដែលជាតម្រូវការដ៏ចាំបាច់នៃអ្នកទេសចរបរទេសចង់ដឹងប្រាង្គប្រាសាទដ៏ប្រណីតជាច្រើននៅខេត្តសៀមរាប និងនៅបណ្តាខេត្តមួយចំនួនទៀតទូទាំងប្រទេសកម្ពុជា សុទ្ធសឹងតែបានផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការកម្សាន្តអារម្មណ៍មិនចេះជិនណាយ ព្រមទាំង សម្បូរដោយប្រពៃណីទំនៀមទម្លាប់វប្បធម៌ដ៏ចំណាស់ និងមានតូរ្យតន្ត្រីសិល្បៈ របាំគ្រប់ប្រភេទ សម្រាប់កែកម្សាន្តអារម្មណ៍។ ម៉្យាងវិញទៀតប្រទេសកម្ពុជាសម្បូរដោយសម្បត្តិធម្មជាតិដ៏ស្រស់បំព្រងមានទាំងអាកាសធាតុបរិសុទ្ធ មានព្រៃភ្នំទឹកជ្រោះ ឆ្នេរសមុទ្ធ ដែលមានខ្សត់ពណ៌ស ជាប្រទេសដែលកម្រនឹងមានគ្រោះធម្មជាតិ ហើយថែមទាំងមានសត្វព្រៃដ៏កម្រៗសម្រាប់ទស្សនាកម្សាន្ត។ តាមរយៈប្រការទាំងអស់នេះហើយ បានធ្វើឲ្យភ្ញៀវទេសចរណ៍មានទឹកចិត្តរំភើបរីករាយ ដោយចង់មកកម្សាន្តនៅប្រទេសកម្ពុជាពេលនោះជំរុញខ្មែរឲ្យងាយស្រួលប្រមូលថវិកាដើម្បីអភិវឌ្ឍជាតិ។

    សរុបសេចក្តីមក តាមរយៈការបកស្រាយរួចមកហើយនេះឃើញថា ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការលូតលាស់អាស្រ័យលើវិស័យកសិកម្ម ដោយវិស័យនោះស្របនឹងចំណូលចិត្តខ្មែរ ហើយដ៏សម្បូរដោយជីជាតិ។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ក៏ជាផ្នែកមួយ ក្នុងការអភិវឌ្ឍជាតិខ្មែរផងដែរ ព្រោះកម្ពុជាមានសម្បត្តិវប្បធម៌ដ៏សម្បូរបែបបែបបន្សល់ទុកពីបុព្វបុរសខ្មែរជំនាន់ដើម។ បន្ថែមលើវិស័យទាំងពីរនេះគឺយើងពង្រីកវិស័យអប់រំ សង្គមកិច្ច គមនាគមន៍ សេដ្ឋកិច្ច និងវិស័យដទៃៗទៀតរួមគ្នានោះកាន់តែប្រសើរ។

    ឆ្លងតាមការអធិប្បាយរួចមកហើយនេះ យើងអាចវាយតម្លៃបានថាទស្សនៈប្រធានពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រោះបានបង្ហាញឲ្យយើងស្គាល់ពីកត្តាដែលអាចជំរុញឲ្យកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ដូចនេះ ពលរដ្ឋខ្មែរគ្រប់រូប ត្រូវពង្រីកមធ្យោបាយផលិតឲ្យកាន់តែខ្លាំងក្លាឡើងៗ និងរួមចំណែករក្សាសម្បត្តិវប្បធម៌ បរិស្ថាន ធម្មជាតឲ្យបានល្អ នោះមាតុភូមិយើងប្រាកដជាលូតលាស់ ដូចបណ្តាប្រទេសមួយចំនួននៅលើសាកលលោក៕


បញ្ចេញមតិ

0 Comments