Header Ads Widget

ប្រធាន ៖ ទស្សនៈមួយបានលើកឡើងថា “ការជួយសង្គ្រោះអ្នកដទៃឱ្យបានសុខ នោះខ្លួនឯងក៏បានសុខផងដែរ” ។ ចូរពន្យល់ ព្រមទាំងលើកឧទាហរណ៍ក្នុងសង្គមខ្មែរ និងក្នុងអក្សរសិល្ប៍នានាមកបញ្ជាក់។

សេចក្តីអធិប្បាយ 

    មនុស្សរស់នៅក្នុងសង្គមតែងតែមានទំនាក់ទំនងគ្នាជាដរាប ហើយទាមទារឲ្យមនុស្សចេះចែករំលែកការលំបាក គ្នាទៅវិញទៅមកទើបទទួលបានផលប្រយោជន៍ និងភាពរីករាយនៅក្នុងជីវិត។ ទាក់ទងទៅនឹងបញ្ហានេះ ការជួយសង្គ្រោះគ្នានេះហើយទើបមានទស្សនៈមួយលើកឡើងថា “ការជួយសង្គ្រោះអ្នកដទៃឱ្យបានសុខ នោះខ្លួនឯងក៏បានសុខផងដែរ”។

    តើទស្សនៈដែលលើកឡើងខាងលើនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

    ជាបឋមដើម្បីឲ្យការបកស្រាយកាន់តែមានអត្ថន័យក្បោះក្បាយទៅបាន គប្បីត្រូវស្វែងយល់ន័យរបស់ពាក្យ មួយចំនួនរបស់ប្រធានជាមុនសិន។ “ជួយសង្គ្រោះ” មានន័យថា ការជួយជ្រោមជ្រែង ជួយឱ្យផុតពីគ្រោះភ័យនានា។ រីឯ “សេចក្តីសុខ” សំដៅដល់ភាពសុខសប្បាយ រីករាយចាកផុតពីទុក្ខវេទនាទាំងឡាយ។ ដូចនេះ ប្រធាន មានន័យសេចក្តីថា អ្នកដែលជួយជនទូទៅឲ្យរួចចាកផុតពី ទុក្ខសោកផ្សេងៗ នោះនឹងអាចធ្វើឲ្យខ្លួនគេរស់នៅដោយរីករាយក្នុងជីវិត ។

    ជាការពិតណាស់ការជួយសង្គ្រោះអ្នកដទៃពីទុក្ខលំបាក នោះក៏ខ្លួនបានសេចក្តីសុខដែរ  ដូចជាការផ្តល់ស្បៀង សម្លៀកបំពាក់ ការស្ថាបនា សមិទ្ធិផលនានា បង្កលក្ខណៈ ក្នុងការថែរទាំសុខភាពធានាបានសុវត្ថិភាព ពេលនោះយើងនឹងមានទ្រព្យរស់នៅបានស្រួលពុំមានចោរកម្ម ភាពអនាធិបតេយ្យទៅទីណាឥតមានកង្វល់ភ័យព្រួយ។ ជាក់ស្តែង ក្នុងសម័យសង្គមរាស្ត្រនិយម សម្តេចព្រះនរោត្តមសីហនុ បានបង្កលក្ខណៈល្អដល់រាស្តដោយទ្រង់បានរំដោះប្រទេសជាតិឲ្យរួចផុតពីនឹមអាណានិគមនិយមបារាំងទោះទ្រង់ស្ថិតនៅទីណាក៏រាស្ត្រតែងតែនឹកដល់នូវអំពើដ៏មនុស្សធម៌ និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ព្រះអង្គ។ ចំណែកសង្គមបច្ចុប្បន្នវិញ ប្រមុខរាជរដ្ឋាភិបាលបានគិតដល់សេចក្តីសុខប្រជារាស្ត្រតាមរយៈការកសាងផ្លូវថ្នល់ មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ធ្វើឲ្យរដ្ឋពលមានជីវភាពធូរធារ ពេលនោះប្រមុខដឹកនាំរួចផុតពីពីខ្វល់ខ្វាយ។ បើយើងក្រឡេកងាកមកមើលក្នុងស្នាដៃអក្សរសិល្ប៍មួយចំនួនវិញប្រាកដជាបានឃើញថាលោកហ្លួងរតនៈសម្បត្តិក្នុង រឿងកុលាបប៉ៃលិន ជួយកម្មករទាំងអស់ឲ្យមានការងារធ្វើ ដូចករណីចៅចិត្រជាដើមបានផ្តល់ការរស់នៅយ៉ាងសមរម្យមានប្រាក់ខែមានអាហារបរិភោគគ្រប់គ្រាន់ធ្វើការងារក៏តាមកម្លាំង ពេលចៅចិត្រមានរបួសបានព្យាបាលថែទាំយ៉ាងពេញទំហឹង។ ការដែលលោកហ្លួងរតនៈសម្បត្តិធ្វើបែបនេះ បានជំរុញឲ្យលោករួចផុតពីការប្លន់របស់ក្រុមចោរ និងបាឡាត់ស្រុកសង្កែដោយសារតែបានកម្មករជួយអន្តរាគមន៍។ រីឯក្នុងរឿងមហាវេស្សន្តរជាតក ដែលស្ថិតក្នុងជាតិកំណើតទីដប់របស់ព្រះសម្មាសម្ពុទ្ធ ដែលប្រាថ្នាយកនូវការធ្វើទាន  ពោលគឺទានបារមីព្រះអង្គមើលឃើញអំពីសេចក្តីវេទនា ទុក្ខលំបាករបស់រាស្ត្ររួចប្រទានអាហារសត្វពាហនៈ ប្រទាន ដំរីបច្ច័យនាគេន្ទ្រនាំឲ្យមានការអប់អរសាទរ ប្រទានពរ ដល់ទ្រង់គ្រប់ៗគ្នា ទោះបីជាទ្រង់មានទុក្ខមួយរយៈពេលខ្លី ដោយសារតែរាស្ត្រខឹង ខ្វះការពិចារណាក៏ដោយក្រោយ មកត្រូវបានរាស្ត្រពោលនូវពាក្យសុំខមាលទោស ហើយយាងព្រះអង្គត្រឡប់មកចូលព្រះនគរវិញរួមសុខរួមទុក្ខញាតិវង្សសោយសុខនាឋានព្រះនិព្វាននាពេលអនាគត។ ចំណែកក្នុងស្នាដៃរបស់លោកកវី សួន សុរិន្ទដែលមានចំណងជើងថាព្រះអាទិត្យថ្មីរះលើផែនដីចាស់បានបញ្ជាក់ថា        លោករដ្ឋមន្រ្តីកំឡោះដែលទើបត្រឡប់មកពីបរទេស មានចិត្តសន្តោស ប្រោសប្រណី ចេះជួយទុក្ខធុរៈដល់រាស្ត្រក្រីក្រមិនប្រកាន់នូវវណ្ណៈធ្វើឲ្យអ្នកដែលកំពុងជួបការលំបាក មានការងារធ្វើ មានកន្លែងហូបចុក ដូចករណីលោកបានជួយសង្គ្រោះសមជាដើម ។

    សរុបសេចក្តីមក តាមការបកស្រាយទស្សនៈប្រធានខាង លើរួចមកបង្ហាញថាការជួយសង្គ្រោះអ្នកដទៃ ឲ្យមាន សេចក្តីសុខគ្រប់យ៉ាងនោះអ្នកដែលបានផ្តល់ជាអំណោយ ទៅដល់អ្នករងគ្រោះ ពិតជាទទួលបាននូវសេចក្តីសុខគ្រប់សព្វបែបយ៉ាងពីអ្នករងគ្រោះយ៉ាងពិតប្រាកដមែន ។

    ឆ្លងតាមការអធិប្បាយរួចមក យើងអាចវាយតម្លៃបានថា ទស្សនៈដែលប្រធានបានលើកឡើងខាងលើ គឺមានខ្លឹមសារល្អប្រសើរសម្រាប់អប់រំស្មារតីក្នុងការជួយសង្គ្រោះអ្នកដទៃទើបវានឹងនាំផលដ៏ល្អប្រសើរដល់ខ្លួនវិញ។ ដូចនេះ មនុស្សដែលចេះគិតគូរពីផលប្រយោជន៍សមូហភាព មិនមានគំនិតអាត្មានិយមខ្លួន និងរស់នៅមានតម្លៃ ហើយជួបនឹងសេចក្តីសុខ សុភមង្គលគ្រប់យ៉ាង ដូចព្រះចន្ទរមែងផុតចាកនូវពពកដ៏ខ្មៅងងឹត មកចាំងជះរស្មីដ៏ប្រសើរគួរជាទីប្រាថ្នារបស់រដ្ឋពល៕

បញ្ចេញមតិ

0 Comments