Header Ads Widget

ប្រធាន ៖ គេតែងពោលថា “កសិកម្មនៅកម្ពុជា ថាកសិកម្មយថាផល”។ ចូរពិភាក្សា ។

សេចក្តីអធិប្បាយ 

    តាំងពីបុរាណកាលមកប្រទេសកម្ពុជា ជាប្រទេសមួយដែលយកមុខរបរកសិកម្មជាកត្តាចម្បងសម្រាប់ចិញ្ចឹមជីវិត ប្រចាំថ្ងៃ ។ ប៉ុន្តែកសិកម្មនេះនៅមានលក្ខណៈអន់ថយនៅឡើយ។ ទាក់ទងទៅនឹងបញ្ហាកសិកម្មនេះ ទើបមានមតិមួយបានពោលថា “កសិកម្មនៅកម្ពុជា ថាកសិកម្មយថាផល”។

    ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិសកុំឲ្យងាករេផ្តេសផ្តាសនាំឲ្យបង់ផលប្រយោជន៍ ខាត់បង់កម្លាំង និងពេលវេលាក្នុងការបកស្រាយទស្សនៈប្រធាន ឲ្យកាន់តែមានអត្ថន័យស៊ីជម្រៅ និងកាន់តែក្បោះក្បាយថែមទៀតនោះ គប្បីត្រូវឈ្វេងយល់ន័យរបស់ពាក្យគន្លឹះមួយចំនួនក្នុងប្រធានជាមុនសិន ។ ពាក្យថា “កសិកម្ម” គឺជាការធ្វើស្រែចម្ការច្បារ ដំណាំ ការដាំដុះផ្សេងៗ។ ឯ “យថាផល” សំដៅដល់ការដែលផ្តល់ផលមិនទៀងទាត់ ទៅតាមភាពចៃដន្យ ។ ដូច្នេះ ប្រធានមានន័យថា ការប្រកបមុខរបរធ្វើស្រែចម្ការ ឬការដាំដុះដំណាំផ្សេងៗ នៅកម្ពុជា គឺជាការធ្វើស្រែចម្ការទៅតាមភាពចៃដន្យ។

    ជាការពិតណាស់ កសិកម្មនៅកម្ពុជាជាកសិកម្មយថាផល ពោលគឺកសិករខ្មែរយើងពុំទាន់មានការយល់ដឹងពីបច្ចេកទេសក្នុងការធ្វើស្រែចម្ការ ដោយពួកគាត់ធ្វើស្រែតាមបែបប្រវាស់មេឃគឺអាស្រ័យទៅលើទឹកភ្លៀងប្រទានឲ្យ ឬមានន័យថាខ្មែរយើងផ្ញើវាសនាទៅលើអាទិទេព។ មួយទៀតប្រជាកសិករធ្វើស្រែនៅលើដីចាស់ ខ្សោះជីជាតិ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ការធ្វើស្រែចម្ការ គ្មានលក្ខណៈប្រែប្រួល គឺដាំដំណាំបែបឯកវប្បកម្ម ម៉្យាងទៀតប្រជាកសិករពុំបានជ្រើសរើសពូជឲ្យបានត្រឹមត្រូវដោយប្រើពូជដដែលៗទៅតាមទម្លាប់ ហើយការថែរទាំដំណាំស្រូវក៏ពុំទាន់មានលក្ខណៈត្រឹមត្រូវទេ ពីព្រោះគ្មានថ្នាំកម្ចាត់សត្វល្អិតចង្រៃ ដូចជាដង្កូវ និងពុំមានការថែទាំ ក្នុងការបញ្ចូលទឹកដាក់ជីនៅឡើយទេ។ ឯឧបករណ៍ផលិតកម្មនៅមានលក្ខណៈបុរាណដូចជាការប្រើនង្គ័ល រនាស់ ប្រើកម្លាំងអូសទាញគោ ក្របី។ ទន្ទឹមនឹងនេះមនុស្សខ្មែរពុំទាន់មានចំណេះដឹងខាងវិជ្ជា កសិកម្មនៅមានកម្រិតទាប ហើយធ្វើស្រែទៅតាមទម្លាប់តៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ឬតពីឪពុកម្តាយរហូតដល់កូន។ ជាក់ស្ដែងក្នុងរឿងភូមិតិរច្ឆាន ប្រជាជនឃុំក្រាំងលាវទាំងមូល ក្នុងនោះមានសុវណ្ណ និងអ្នកប៊ុតដែរនាំគ្នាធ្វើស្រែចម្ការជួបប្រទះនឹងភាពរាំងស្ងួតបានលះបង់ស្រែចម្ការទៅប្រកបមុខរបរសិប្បកម្មក្អម ឆ្នាំង ដើម្បីធ្វើ ការចិញ្ចឹមជីវិត។ ចំណែកក្នុងរឿងគូលីកំណែន តាង៉ែត យាយម៉ុក នាងហេង បាននាំគ្នាយកអង្ករទៅលក់ដោយប្រើមធ្យោបាយដោយរទេះគោ។ បើផ្អែកតាមកត្តាប្រវត្តិសាស្ត្រវិញ បានបញ្ជាក់ថាប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាលមកប្រកាន់ខ្ជាប់នូវរបរកសិកម្មក្នុងការចិញ្ចឹមជីវិត។ ដោយឡែកនៅក្នុងសង្គមបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាកសិករនៅតែប្រកបមុខរបរការងារស្រែចម្ការតាមលក្ខណៈទ្រង់ទ្រាយតូចតាចតាមបែបបុរាណនៅឡើយពីព្រោះគេឃើញមានប្រើគេនង្គ័ល រនាស់ រទេះ និងឧបករណ៍ជាច្រើនទៀត ។

    ដូចនេះ កសិកម្មនៅកម្ពុជា ជាកសិកម្មយថាផលពិត ប្រាកដមែន ។

    ផ្ទុយទៅវិញ កសិកម្មនៅកម្ពុជាពុំមែនជាកសិកម្មបែប យថាផលនោះទេ ពីព្រោះប្រជាកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកែច្នៃនូវឧបករណ៍ និងមានចំណេះដឹងក្នុងការធ្វើស្រែចម្ការដូចជាការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុក ទឹក លើកទំនប់លើកភ្លឺក្នុងគោលបំណងផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ដល់ការធ្វើស្រែចម្ការទាំង រដូវស្សា និងរដូវប្រាំង។ ម៉្យាងទៀតប្រជាកសិករយើងមានចំណេះដឹង ចេះជ្រើសរើសពូជស្រូវល្អៗដោយមានការណែនាំអំពីវិស្វករ និងអង្គការក្រៅរាជរដ្ឋាភិបាលចុះជួយលើការងារនេះ។       យ៉ាងណាមិញស្ថានភាពដីមានលក្ខណៈប្រែប្រួលដោយប្រជាកសិករ មានការវិភាគដីទៅតាមបច្ចេកទេសកសិកម្ម និងថែមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីក្រសួង និងបណ្តាអង្គការមួយចំនួន។ ទន្ទឹមនឹងនេះឧបករណ៍កសិកម្មមានលក្ខណៈទាន់សម័យដូចជាការប្រើត្រាក់ទ័រ គោយន្ត និង មានម៉ាស៊ីនបូមទឹកជាដើម។ ប្រជាជនខ្មែរចេះប្រើប្រាស់ជី គីមី ជីធម្មជាតិ និងមានថ្នាំសម្រាប់សម្លាប់សត្វល្អិតចង្រៃ ដើម្បីបង្កើនទិន្នផលកសិកម្ម។ លើសពីនេះទៅទៀតក្រសួង កសិកម្ម បានបង្កើតមជ្ឈមណ្ឌលធ្វើការពិសោធន៍អំពីដំណាំស្រូវនៅតាមដំបន់ និងតាមស្រុកមួយចំនួនក្នុងប្រទេសកម្ពុជាដោយមានការចូលរួមពីអង្គការនានាមកជួយក្នុងវិស័យកសិកម្ម។ ដោយឡែក រាជរដ្ឋាភិបាល បានឲ្យក្រុមចម្រុះជួយអន្តរាគមន៍ដោយប្រើម៉ាស៊ីនបូមទឹក ដើម្បីជួយសង្គ្រោះផលដំណាំស្រូវទាន់ពេលវេលានិងជួយស្តារប្រឡាយ និងជីកប្រឡាយយ៉ាងសកម្ម។ តួយ៉ាងក្នុង ស្នាដៃអក្សរសិល្ប៍រឿងព្រះអាទិត្យថ្មីរះនៅលើផែនដីចាស់បានបង្ហាញថាសមក្រោយពេលត្រឡប់ទៅស្រុកកំណើតវិញ សមបានប្រកបរបរធ្វើស្រែចម្ការទោះជួបការលំបាកយ៉ាងណាក៏ដោយក៏សមព្យាយាមតស៊ូជម្នះ ដើម្បីអភិវឌ្ឍជីវភាព ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់ព្រះរាជរដ្ឋាភិបាលសម័យសង្គមរាស្ត្រនិយមធ្វើឲ្យវិស័យកសិកម្មនៅសម័យនោះមានសន្ទុះយ៉ាងខ្លាំង ។ ចំណែកនៅក្នុងប្រវត្តិសាស្ត្រខ្មែរវិញបានគូសបញ្ជាក់ថានៅសម័យអង្គរគេឃើញមានការកសាងប្រព័ន្ធធារាសាស្ត្រ ដូចមានការជីកប្រឡាយ បារាយណ៍ សម្រាប់ស្តុកទឹកទុក សម្រាប់ចែកចាយដ៏ប្រជារាស្រ្តក្នុងការធ្វើកសិកម្មស្រែចម្ការ ដំណាំ ក្រោយមកទៀតយើងឃើញមាន សម័យសង្គមរាស្រ្តនិយមក្រោមការដឹកនាំ របស់អង្គសម្តេចឪគឺសម្តេចព្រះនរោត្តមសីហនុ ដែលលោកតែងតែយកព្រះហឬទ័យទុក្ខដាក់ ចំពោះកូនចៅរបស់ព្រះ អង្គតាមរយៈសកម្មភាពចុះជួយដោយផ្ទាល់ដល់ប្រជាកសិករ។ រីឯក្នុងជីវភាពជាក់ស្តែងវិញ ប្រជាកសិករមានការ យល់ដឹងយ៉ាងច្រើនព្រមទាំងមានការជួយឧបត្ថម្ភយ៉ាងពេញទំហឹងពីព្រះរាជរដ្ឋាភិបាល លើវិស័យកសិកម្មនេះឲ្យមានភាពរីកចម្រើនជឿនលឿន ។

    ដូចនេះសរុបមកឃើញថា កសិកម្មនៅកម្ពុជាមិនមែន ជាកសិកម្មបែបយថាផលនោះទេ     គឺជាកសិកម្មបែបប្រពលវប្បកម្ម ។

    សរុបសេចក្តីមកតាមការពិភាក្សារួចមកហើយនេះឃើញថាមតិនីមួយៗ សុទ្ធតែមានលក្ខណៈត្រឹមត្រូវរៀងៗខ្លួន ប៉ុន្តែពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។ ដូចនេះទាំងមតិស្រប និងមតិផ្ទុយរួមគ្នាទើបត្រឹមត្រូវ ពីព្រោះកសិកម្មយថាផល និងកសិកម្មបែបប្រពលវប្បកម្មកំពុងដំណើរការនៅលើទឹកដីកម្ពុជាគ្រាន់តែប្រពលវប្បកម្មនៅមានកម្រិតទាបនៅឡើយ ។

    ឆ្លងតាមការអធិប្បាយវែកញែក រួចមកយើងអាចវាយតម្លៃបានថា ទស្សនៈដែលប្រធានលើកឡើងខាងលើពុំត្រឹមត្រូវទាំងស្រុងទេ ពីព្រោះកសិកម្មនៅកម្ពុជាមានទាំងបុរាណ និងសម័យទំនើប។ ដូចនេះក្នុងនាមយើងជាពលរដ្ឋខ្មែរ ដែលចាប់យកមុខរបរកសិកម្ម ជាកត្តាចម្បងនោះ ត្រូវខិតខំប្រឹងប្រែងរិះរកមធ្យោបាយកែប្រែវិស័យនេះឲ្យកាន់តែមានការអភិវឌ្ឍជឿនលឿនតទៅមុខ៕


បញ្ចេញមតិ

0 Comments