សេចក្តីអធិប្បាយ
គ្រប់ប្រទេសនៅលើសកលលោក គេរមែងយកការអប់រំធ្វើជាវិស័យដ៏ធំមួយសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ ទាំងបរិមាណ ទាំងគុណភាព ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនឡើង។ ក្នុងទិសដៅឱ្យតម្លៃខ្ពស់លើការអប់រំនេះ ទើបមានទស្សនៈមួយបានលើកឡើងថា “ការអប់រំ គឺអភិវឌ្ឍន៍សង្គម” ។
តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះ?
ដើម្បីធ្វើការបកស្រាយទស្សនៈខាងលើនេះ ឱ្យបានស៊ីជម្រៅ យើងគួរយល់នូវន័យនៃពាក្យ គន្លឹះមួយចំនួនជាមុនសិន ។ “ការអបរំ” គឺជាការបណ្តុះបណ្តាល ការបន្ធឹកមនុស្សឱ្យក្លាយទៅជាអ្វី មួយដែលគេចង់បាន ដូចជាអប់រំមនុស្សឱ្យក្លាយទៅជាពលរដ្ឋល្អប្រសើរ ឬអប់រំកងកម្លាំងប្រដាប់ អាវុធឱ្យមានគុណភាពល្អជាដើម ។ រីឯ “អភិវឌ្ឍន៍” មានន័យថា ធ្វើឱ្យចម្រើន ធ្វើឱ្យលូតលាស់ ធ្វើឱ្យរីកចម្រើន ។ ដូច្នេះអត្ថន័យរបស់ប្រធាននេះ ចង់មានន័យថា ករណីណាមានការអប់រំ គឺតែងតែធ្វើឱ្យសង្គមមានការរីកចម្រើនជានិច្ច ។
តែមុននឹងធ្វើការបកស្រាយ យើងគួរពិចារណាថា តើត្រូវអប់រំអ្វីខ្លះដល់មនុស្ស និងសង្គម? ហើយសង្គមគ្រួសារ សហគមន៍ សង្គមជាតិ និងសង្គមអន្តរជាតិអភិវឌ្ឍន៍អ្វីខ្លះ? ករណីនេះ យើង ត្រូវអប់រំបញ្ញា សីលធម៌ កាយសោភ័ណ្ឌ ពោលគឺអប់រំកាយ វាចាចិត្ត សកម្មភាពលើជំនាញអ្វីមួយ ។ ការអប់រំ គឺជាការអប់រំទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅដល់មនុស្ស និងសង្គម ។ លើសពីនេះ សង្គមត្រូវតែរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសង្គមកិច្ច នយោបាយ និងសេដ្ឋកិច្ច ពោលគឺរីកចម្រើនទាំងសង្គមធម៌ និងវប្បធម៌ ។ បានសេចក្តីថា ការបណ្តុះបណ្តាល ធនធានមនុស្ស ជាគន្លឹះអាចធ្វើឱ្យគ្រួសារ សហគមន៍ សង្គមជាតិ និងសង្គមអន្តរជាតិមានការរីកចម្រើនដោយរលូន។ យើងដឹងហើយថា ក្នុងគ្រួសារមួយដែលមានសមាជិកគ្រួសារមានការអប់រំល្អ គ្រួសារនោះតែងទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសគ្មានទំនាស់ក្នុងគ្រួសារ មានជីវភាពខ្ពស់ មានសុខភាពល្អ និងមានសន្តិសុខគ្រួសារ ។ ទន្ទឹមនឹងនេះ សហគមន៍មួយមានការ អប់រំខ្ពស់សហគមន៍នោះតែងមានការរីកចម្រើន។ សហគមន៍នេសាទមួយមានការអប់រំខ្ពស់ សហគមន៍នោះអាចការពារធនធានជលផលដែលធ្វើឱ្យជីវភាពប្រជាជនក្នុងសហគមន៍នោះមានការរីកចម្រើន ។ ឯសហគមន៍កសិករ សហគមន៍ព្រៃឈើ សហគមន៍អ្នកវិទ្យាសាស្ត្រក៏ដូចនោះដែរ ។ លើសពីនេះទៀត សង្គមជាតិមួយ ដែលមានការអប់រំខ្ពស់ ពោលគឺមានធនធានមនុស្សមានសមត្ថភាពច្រើនសង្គមជាតិនោះតែងមានការរីកចម្រើន ទាំងសង្គមកិច្ច វប្បធម៌ នយោបាយ និង សេដ្ឋកិច្ច ។ បញ្ហាសង្គមកិច្ចរីកចម្រើន ទាំងសន្តិសុខសង្គម សុខមាលភាព និងការងារ ។ បញ្ហានយោបាយទាំងក្នុង និងក្រៅប្រទេសបានយ៉ាងល្អ ។ បញ្ហាវប្បធម៌ប្រទេសដែលមានការអប់រំខ្ពស់ វប្បធម៌បរទេសពុំអាចជះឥទ្ធិពលអាក្រក់ចូលបានឡើយ។ ដោយឡែកលើវិស័យសេដ្ឋកិច្ចវិញ ក៏ដូចនោះដែរ។ ប្រទេសជាតិមួយ ដែលមានធនធានមនុស្សមានចំណេះដឹង ចំណេះធ្វើ និងមាន សីលធម៌រស់នៅខ្ពស់ ចេះសម្របសម្រួលក្នុងសង្គម សេដ្ឋកិច្ចនៃសង្គមជាតិនោះ ពិតជាមានការរីកចម្រើនពុំមានអាចប្រកែកបានឡើយ ព្រោះវិទ្យាសាស្ត្រដែលភ្ជាប់នឹងសីលធម៌ប្រាកដជាមធ្យោបាយសមស្រប ដែលធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនពុំខាន។ ក្រៅពីសង្គមគ្រួសារ សហគមន៍ សង្គមជាតិ ការអប់រំបានធ្វើឱ្យសង្គមអន្តរជាតិរីកចម្រើនផងដែរ ព្រោះបើប្រទេសទាំងអស់នៅ លើសកលលោកទទួលបានការអប់រំល្អនោះសកលលោកនឹងលែងមានទំនាស់ ឬយ៉ាងហោច ណាស់ក៏អាចកាត់បន្ថយនូវទំនាស់ធំៗបានដែរ ។
សរុបសេចក្តីមក យើងឃើញថា ការអប់រំបានធ្វើឱ្យសង្គមគ្រួសារ សហគមន៍ សង្គមជាតិ និងសង្គមអន្តរជាតិរីកចម្រើន តែបើយើងវិភាគលើន័យ “អប់រំ” នោះយើងដឹងថា ការអប់រំ ឬការ បណ្តុះបណ្តាលមនុស្សនោះ ពុំមែនសុទ្ធតែក្នុងបំណងល្អនោះទេ ដូចករណីខ្លះបណ្តុះបណ្តាលកុមារ ឱ្យក្លាយជាចោរ បន្ធឹកមនុស្សឱ្យចេះធ្វើគ្រឿងប្រល័យលោក ពុំមែនគ្រាន់តែធ្វើឱ្យសង្គមពុំរីកចម្រើនទេ តែថែមទាំងធ្វើឱ្យសង្គមវិនាសទៀតផងព្រោះ «វិទ្យាសាស្រ្តខ្វះមនសិការ គ្រាន់តែជាការវិនាសនៃអាត្ម័ន» តែប៉ុណ្ណោះ ។ ដូចនេះ ការអប់រំដែលធ្វើឱ្យសង្គមមានការអភិវឌ្ឍ គឺអប់រំក្នុងបំណងល្អ អប់រំផ្សារភ្ជាប់នឹងសីលធម៌ គុណធម៌មនសិការ ។
ឆ្លងតាមការបកស្រាយខាងលើរួចមក យើងអាចសន្និដ្ឋានបានថា ទស្សនៈដែលលើកឡើង «ការអប់រំ គឺអភិវឌ្ឍន៍សង្គម» ជាទស្សនៈត្រឹមត្រូវ តែពុំទាន់គ្រប់ជ្រុងជ្រោយ ព្រោះត្រូវមានលក្ខខណ្ឌ ពោលគឺត្រូវអប់រំក្នុងបំណងល្អ អប់រំភ្ជាប់ជាមួយនឹងសីលធម៌ ទើបសង្គមមានការអភិវឌ្ឍ។ ឯការអប់រំ ក្នុងបំណងអាក្រក់ អសីលធម៌ទាំងអស់គ្នា ត្រូវតែខិតខំអប់រំធនធានមនុស្សឱ្យបានកាន់តែច្រើន ហើយធនធានទាំងនោះត្រូវតែ មានសមត្ថភាព ជំនាញច្បាស់លាស់ សីលធម៌ល្អ និងមានមនសិការទើបប្រសើរ ៕
0 Comments