សេចក្តីអធិប្បាយ
ព្រះពុទ្ធសាសនា គឺជាសាសនាធំមួយក្នុងចំណោមសាសនាធំៗដទៃទៀតនៅលើសកលលោក ។ សាសនានេះបានហូរជ្រាបចូលនៅក្នុងអារម្មណ៍អ្នកកាន់ព្រះពុទ្ធសាសនាខ្មែរតាមពីសម័យបុរាណកាលមកម្ល៉េះ ហើយសាសនានេះក៏ជាមាគ៌ាមួយដែលនាំមនុស្សឆ្ពោះទៅរកសន្តិភាព ឬ ប្រពៃណីមួយដែលធ្វើឱ្យគ្មានចលាចលសង្គម។ ហើយហេតុនេះហើយទើប មានទស្សនមួយបានលើកឡើងថា "វប្បធម៌សន្តិភាព កើតឡើងតាមរយៈពុទ្ធសាសនា ។
តើទស្សនខាងលើនេះមានខ្លឹមសារយ៉ាងដូចម្តេចខ្លះ?
ដើម្បីបកស្រាយទស្សនខាងលើនេះឱ្យបានក្បោះក្បាយ ហើយស៊ីជម្រៅទៀតនោះ ជាបឋម យើងគួរយល់ឃ្លាថា "វប្បធម៌សន្តិភាព” និង "ពុទ្ធសាសនា” ជាមុនសិន។ ពាក្យថា "វប្បធម៌សន្តិភាព” មានន័យថា គឺជាសាបព្រោះនូវភាពសុខសាន្ត។ តែនៅទីនេះ ចង់សំដៅទៅលើ មាគ៌ាឆ្ពោះទៅ រកសន្តិភាព ឬប្រពៃណីធ្វើឱ្យគ្មានចលាចលសង្គម។ ដោយឡែក "ពុទ្ធសាសនា” គឺជាសាសនាកំពូលដែលបង្កើតឡើងដោយព្រះពុទ្ធសមណគោត្តម។ ដូចនេះអត្ថន័យរបស់ប្រធានខាងលើ បង្ហាញឱ្យឃើញថា សាសនាកំពូលបង្កើតឡើងដោយសមណគោត្ដម គឺជាសាសនាមួយដែលបង្កើត នូវមាគ៌ាឆ្ពោះទៅរកសន្តិភាព ឬប្រពៃណីដែលធ្វើឱ្យគ្មានចលាចលសង្គម ។
ជាការពិតណាស់ ផ្អែកទៅលើការលើកឡើងខាងលើនេះ យើងអាចដឹងបានថា បើកាលណា និយាយពីពុទ្ធសាសនាឃើញថាសាសនានេះត្រូវបានបង្កើតឡើងដោយស្ថាបនិកដ៏ឆ្នើមមួយរូបគឺ ព្រះសមណគោត្តមដែលមានតាំងពីប្រមាណសតវត្សទីប្រាំមួយមុនគ្រឹស្តសករាជមកម្ល៉េះ។ សាសនានេះរីកសាយភាយខ្លាំងនៅរវាងសតវត្សទីបីក្នុងរជ្ជកាលព្រះបាទអសោកដែលត្រូវបានផ្សព្វផ្សាយពាសពេញទឹកដីសុវណ្ណភូមិ នៅចន្លោះសតវត្សទីពីរនៃគ្រឹស្តសករាជ។ សាសនានេះ ប្រហែលហូរចូលមកក្នុងទឹកដីសុវណ្ណភូមិដោយព្រះបាទស្រីមារៈដែលយើងអាចដឹងបានតាមរយៈសិលាចារឹកវ៉ូកាញ់ខេត្តញ៉ាត្រាងដែនដីកម្ពុជាក្រោម។ មួយវិញទៀត បើផ្អែកតាមទ្រឹស្តីព្រះពុទ្ធសាសនា យើងឃើញថាព្រះពុទ្ធបានបង្រៀនឱ្យបុគ្គលគ្រប់រូបកសាងនូវកុសលធម៌ ពោលគឺប្រព្រឹត្តតែអំពើល្អ ឬជាអំពើកុសលជាដើម ។ លើសពីនេះទៅទៀត ត្រូវវាចាកនូវអំពើបាប គឺមិនប្រព្រឹត្តនូវអំពើអាក្រក់តាមរូបភាពណាមួយក៏ដោយ។ ជាងនេះទៅទៀត ការតាំងចិត្តឱ្យល្អផូរផង់ប្រកបដោយសន្តិគំនិត។ ក្នុងន័យនេះផងដែរ គឺត្រូវមានមេត្តា ករុណា មុទិតា និងឧបេក្ខានៅក្នុងចិត្ត។ ជាពិសេសការប្រកាន់យកទ្រឹស្តីមួយគឺ "ពៀររំងាប់ដោយការមិនចងពៀរ” ដែលយើងត្រូវផ្ចាញ់អំពើ អាក្រក់ដោយអំពើល្អ កំណាញ់ផ្ចាញ់ដោយសប្បុរសជាដើម។ យ៉ាងណាមិញព្រះសមណគោត្តម បានអប់រំមនុស្សឱ្យមានជំនឿ ជឿលើបុណ្យបាប ពោលគឺមានជំនឿលើទស្សនៈកម្មផលនេះឯង។ កម្ម និងផលតែងតែអន្ទោលជាប់ប្រាណរហូតអ្នកធ្វើអំពើល្អតែងទទួលផលល្អ អ្នកធ្វើអំពើអាក្រក់ តែងទទួលផលអាក្រក់ បើទោះបីជាច្បាប់សង្គមមិនដាក់ទោសក៏ច្បាប់ធម្មជាតិដាក់ទោសដែរ។ ពិសេសជាងនេះទៅទៀត ដើម្បីរក្សាចិត្តឱ្យល្អផូរផង់ យើងត្រូវប្រកាន់យកនូវធម៌ខន្តីជានិច្ច មានការអត់ធ្មត់ខ្ពស់ និងមានការតស៊ូផងដែរ។ ទាំងនេះគឺជាវិធីស្វែងរកសុខតាមរយៈទ្រឹស្តីព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសន្តិភាពដោយសន្តិវិធី។ ម្យ៉ាងវិញទៀត ព្រះពុទ្ធសាសនា បានអប់រំប្រជាពលរដ្ឋខ្មែរឱ្យមានសីលធម៌ថ្លៃថ្នូរ អកប្បកិរិយាល្អ មានព្រហ្មវិហារធម៌ចំពោះគ្នាទៅវិញទៅមក។ ក្នុងការអប់រំសីលធម៌នេះទៀតសោត ព្រះពុទ្ធបរមគ្រូនៃយើងក៏បានបង្រៀនពុទ្ធសាសនិកឱ្យវៀរចាកអំពើអបាយមុខ ប្រកាន់ខ្ជាប់នូវបញ្ចសីល រួមមានឱ្យវៀរចាក ការកាប់សម្លាប់ ឬការបៀតបៀនជីវិតមនុស្សសត្វ កុហកបោកប្រាស់ ការមិនលួចទ្រព្យសម្បត្តិ ការមិនបៀតបៀនប្រពន្ធកូនអ្នកដទៃ ការមិនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។ តាមរយៈការអប់រំនេះហើយដែលអាចបញ្ចៀសបាននូវអំពើ អសីលធម៌នានាពីក្នុងសង្គមមនុស្សជាហេតុធ្វើឱ្យសង្គមបង្កើតបាននូវវប្បធម៌សន្តិភាពប្រកបដោយភាពស្រស់ញញឹម។ បើផ្អែកតាមរយៈទំព័រប្រវត្តិសាស្រ្តខ្មែរយើងឃើញថាចាប់ពីលទ្ធិពុទ្ធសាសនាចូលស្រុក ពិសេសចាប់ពីរាជ្យព្រះបាទជ័យវរ្ម័នទីប្រាំពីរ ខ្មែរពុំដែលបង្កសង្គ្រាមទេ។ មួយវិញទៀតបើនិយាយពីសង្គ្រាមសាសនាខ្មែរមិនដែលមានសង្គ្រាមបែបនេះធំដុំដូចប្រទេសដទៃឡើយ។ បើផ្អែកជាក់ស្តែងវិញ យើងច្បាស់ជាអាចដឹងបានថា ទស្សនៈកម្មផលតាមរយៈព្រះពុទ្ធសាសនាពិតជាបានធ្វើឱ្យមនុស្សមិនហ៊ានប្រព្រឹត្តអំពើបាប ព្រោះខ្លាចមានពៀរពិសេសធ្វើឱ្យមនុស្សចេះវិភាគរកល្អអាក្រក់ ដឹងខុសត្រូវថែមទៀតផង។ លើសពីនេះ បើផ្អែកតាមរយៈអត្ថបទ អក្សរសិល្ប៍ខ្មែរយើងវិញ ពិសេសតាមរយៈរឿង ព្រះវេស្សន្តរ យើងឃើញថា តួអង្គព្រះវេស្សន្តរបានកសាងបុណ្យកុសល ពោលគឺធ្វើនូវទានបារមី ដោយចិត្តមេត្តា ករុណា មុទិតា និងឧបេក្ខាដល់ពួកអ្នក នគរកលិង្ករាស្ត្រដោយឥតរុញរាឡើយ។ ព្រះអង្គវៀរចាកនូវរាល់អំពើបាបនានា ពិសេសនៅពេល ដែលអ្នកស្រុកស្រីពិរាស្ត្រតវ៉ាឱ្យព្រះអង្គចាកចេញពីព្រះនគរ ក៏ព្រះអង្គយល់ព្រមដោយឥតប្រកែកបន្តិចសោះឡើយ ។ មួយវិញទៀតយើងឃើញថា ព្រះវេស្សន្តរប្រកាន់ខ្ជាប់នូវធម៌ខន្តី គឺព្រះអង្គអត់ ធ្មត់មិនចាញ់ជូជកព្រាហ្មណ៍ឡើយ ក្នុងខណៈពេលដែលជូជក់វាយវាត់ធ្វើបាបបុត្រទាំងពីររបស់ទ្រង់យ៉ាងណាក៏ដោយ។ បើផ្អែកតាមទស្សនៈកម្មផលអាចឱ្យយើងដឹងបានថាចុងបញ្ចប់ព្រះវេស្សន្តរបានជួបញាតិវង្ស និងបានមកសោយរាជ្យវិញផងដែរ ។
សរុបសេចក្តីមក អាចបញ្ជាក់បានថាទ្រឹស្តីព្រះពុទ្ធសាសនាដែលយកសន្តិវិធីសម្រាប់ស្វែករកសុខបានធ្វើឱ្យសង្គមខ្មែរបង្កើតនូវវប្បធម៌សន្តិភាពមិនអាចប្រកែកបានឡើយ ។
ឆ្លងតាមការបកស្រាយខាងលើរួចមក យើងអាចសន្និដ្ឋានបានថា ទស្សនប្រធានពិតជាមាន ខ្លឹមសារល្អ ព្រោះបានបង្ហាញឱ្យឃើញពីតម្លៃ និងតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនាមកលើទឹកដីសុវណ្ណភូមិនៃយើង។ ដូចនេះក្នុងនាមយើងជាអ្នកសិក្សា យើងគប្បីចេះរើសយកគោលគំនិតអប់រំតាមពុទ្ធសាសនា ដើម្បីយកមកអនុវត្តន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃធ្វើយ៉ាងណាឱ្យខ្លួនក្លាយជាបុគ្គលប្រសើរក្នុងសង្គមជាតិ៕
0 Comments