សេចក្តីអធិប្បាយ
ជាទូទៅគ្រប់ជាតិសាសន៍ទាំងអស់រស់នៅពិភពលោកយើងនេះតែងតែឲ្យតម្លៃទៅលើមនុស្សផ្សេងៗគ្នា។ អ្នកខ្លះឲ្យតម្លៃទៅលើទ្រព្យសម្បត្តិ ខ្លះឲ្យតម្លៃទៅលើចំណេះវិជ្ជា ទេពកោសល្យ បំណិនប្រសប់ក្នុងការងារ ខ្លះទៀតឲ្យតម្លៃមនុស្សលើរូបសម្បត្តិ ហើយក៏មានអ្នកខ្លះទៀតក៏ឲ្យតម្លៃទៅលើ ពាក្យសត្យ (សច្ចៈ)ផងដែរ ។ ទាក់ទងទៅនឹងការវាយតម្លៃ នេះទើបមានគេថា “សច្ចាប្រណិធាន គឺជាសក្ខីភាពក្នុងការ ចង្អុលបង្ហាញឲ្យឃើញពីសច្ចភាពនៃមនុស្ស”។
តើទស្សនៈដែលបានថាខាងលើនេះត្រឹមត្រូវដែរឬទេ?
ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិស កុំឲ្យងាករេផ្តេសផ្កាសនាំឲ្យបង់ផលប្រយោជន៍ ខាត់បង់កម្លាំង និងពេលវេលាក្នុងការបកស្រាយទស្សនៈប្រធាន ឲ្យកាន់តែមានអត្ថន័យស៊ីជម្រៅ និងកាន់តែក្បោះក្បាយថែមទៀតនោះ គប្បីត្រូវឈ្វេងយល់ន័យរបស់ពាក្យគន្លឹះ មួយចំនួនក្នុងប្រធានជាមុនសិន។ · “សច្ចាប្រណិធាន” មានន័យថាពាក្យសម្បថ ពាក្យបន្ទាល់ សម្តែងចេញពីភាពស្មោះត្រង់។ ចំណែកឯ “សក្ខីភាព”សម្តៅដល់ភាពជាសាក្សី ភាពជាភស្តុតាង ។ ឯ“សច្ចភាព” គឺភាពពិតត្រឹមត្រូវ សេចក្តីស្មោះត្រង់។ ដូចនេះប្រធានមានន័យថា ពាក្យសម្រាប់សម្តែងនូវភាពស្មោះត្រង់ គឺជាភស្តុតាងក្នុងការចង្អុលបង្ហាញឲ្យឃើញពីសេចក្តីស្មោះត្រង់របស់មនុស្សក្នុសកម្មភាព របស់មនុស្សក្នុងសកម្មភាពអ្វីមួយ ។
ជាការពិតណាស់ បើនិយាយឲ្យស្របទៅតាមទស្សនៈ ប្រធានឃើញថាពាក្យសច្ចាប្រណិធាន គឺជាភស្តុតាងមួយដ៏សំខាន់ក្នុងការចង្អុលបង្ហាញឲ្យឃើញពីភាពស្មោះត្រង់របស់មនុស្ស។ និយាយទាក់ទងនឹងពាក្យសម្បថ ឃើញមានបែបច្រើនយ៉ាងប្លែកៗគ្នាទៅតាមសកម្មភាព និងដំណើរជីវិតរបស់មនុស្សម្នាក់ៗ។ ក្នុងនោះរួមមានការស្បថ ចូលកាន់មុខតំណែងក្នុងការងាររបស់មន្ត្រីជាន់ខ្ពស់ដែលជាប្រមុខរបស់ជាតិ ការស្បថរវាងភាគីដើមចោទ និងចុងចោទនៅក្នុងអង្គសវនាការជំនុំជម្រះក្តី នៅចំពោះមុខតុលាការ ការស្បថជាដែនកំណត់រវាងគ្នា និងគ្នា នៅពេលដែលមានការឈ្លោះប្រកែកពីរឿងអ្វីមួយ ជាដើម។ នៅក្នុងពេលធ្វើសច្ចាប្រណិធានគេតែងប្រកាស ហៅយាងនិមន្តអញ្ជើញនូវបារមីវត្ថុសក្តិសិទ្ធដែលផ្ដុំនៅគ្រប់ទីតំបន់ទូទាំងប្រទេសឲ្យមកធ្វើជាសាក្សី។ ជាក់ស្តែងនៅពេលថ្នាក់ដឹកនាំចូលកាន់តំណែងក្នុងការងារជាតិ គេសង្កេតឃើញមានការធ្វើសច្ចាប្រណិធាន ដោយផឹកទឹកសម្បថចំពោះមុខបារមីសក្តិសិទ្ធិ ដើម្បីបង្ហាញអំពីភាពស្មោះត្រង់ចំពោះជាតិ។ ចំណែកនៅក្នុងការបើកសវនាការជំនុំជម្រះក្តីនៅក្នុងតុលា ការគេឃើញមានភាគីចុងចោទ និងដើមចោទ ដើម្បីធ្វើការ ស្បថស្បែរ។ ដោយឡែកនៅក្នុងអត្ថបទសិលាចារឹកវិញបានបង្ហាញពីពាក្យសម្បថរបស់តម្រួតនៅថ្នាក់តំបន់ចំពោះថ្នាក់ដឹកនាំគឺអង្គព្រះមហាក្សត្រ (គ្រីសូរ្យវម៌ទេវៈ)។ លើសពីនេះទៀត ក្នុងបណ្តាប្រទេសមួយចំនួនក៏បានយកពាក្យសម្បថមកធ្វើជាភស្តុតាងសំខាន់ក្នុងការបញ្ជាក់ពីសច្ចភាពនៃមនុស្សនៅក្នុងសកម្មភាពអ្វីមួយ។ ជាងនេះទៅទៀត នៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរដូចជារឿងរាមកេរ្តិ៍ ព្រះបានជនកបានសន្យាចំពោះបេក្ខជនណាដែលលើកធ្នូសិល្ប៍របស់ទ្រង់រួចព្រះអង្គនឹងលើកព្រះនាងសីតាឲ្យធ្វើជាអគ្គមហេសី។ លុះព្រះរាមលើកធ្នូសិល្ប៍រួចទ្រង់ក៏គោរពតាមពាក្យសត្យ។ ចំណែកព្រះបាទទសរថសុខចិត្តសោយសោករហូតដល់សោយព្រះទិវង្គត ក៏មិនបង់ពាក្យពាក្យសន្យាជាមួយព្រះនាងកៃកេសីថានឹងលើករាជសម្បត្តិឲ្យព្រះភិរុត ឡើងគ្រងរាជ្យ។ ឯព្រះនាងសីតាវិញបានសន្យាចំពោះទេវតាថានាងនឹងចូលព្រះនគរវិញល្គឹកណាព្រះរាមសោយទិវង្គត ។
ដូចនេះសរុបមកឃើញថាពាក្យសច្ចាប្រណិធានពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញឲ្យឃើញពីសច្ចភាពនៃមនុស្សពិតប្រាកដមែន។
ផ្ទុយទៅវិញពាក្យសច្ចាប្រណិធានមិនសុទ្ធតែបង្ហាញពីសច្ចភាពទាំងស្រុងនោះទេ។ នេះជាការសមផលម្យ៉ាងដែរ ព្រោះថាអ្វីដែលវិលជុំវិញបញ្ហានេះគឺសម្ដីមនុស្សជាអ្នកនិយាយមនុស្សខ្លះធ្វើការស្បថធ្ងន់ៗរហូតដល់ពូជពង្សវង្សត្រកូល ហើយរហូតដល់ការដាក់អាយុជីវិតទៀត តែអ្វីដែលគេនិយាយនោះសុទ្ធតែជាពាក្យមិនពិត កុហក បោកប្រាស រំលោភបំពាន នៅទីបំផុតក៏មិនបានឃើញរឿងរ៉ាវអាក្រក់អ្វី កើតឡើងចំពោះគេឡើយ ផ្ទុយទៅវិញគេបានរស់នៅក្នុងភាព សុខសាន្ត មានបានធូរធារ មនុស្សក្នុងសង្គមឲ្យតម្លៃខ្ពស់ថែមទៀត។ នេះក៏ព្រោះការយាងបារមីសក្តិសិទ្ធិមកធ្វើជាសាក្សីនោះគ្រាន់តែជាវត្ថុអរូបីយ៍គ្មានវិញ្ញាណគ្មានមូលដ្ឋានពិតប្រាកដ ដូច្នេះមិនអាចធ្វើសាក្សី ឬអាជ្ញាកណ្តាលកាត់សេចក្ដីទៅលើសកម្មភាពមនុស្សបានឡើយ។ បារមីសក្តិសិទ្ធិទាំងនោះវាគ្រាន់តែជាចំណែកមួយនៃអារម្មណ៍ប៉ុណ្ណោះ បើជឿថាមានក៏គ្មានអ្វីអះអាងច្បាស់លាស់។ ម្យ៉ាងទៀតក្នុងករណីដែលមានអំពើអយុត្តិធម៌ អមនុស្សធម៌កើតឡើង ឬក៏មានអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ពេលនោះហើយ ដែលគេឲ្យតម្លៃទឹកប្រាក់ ហើយពាក្យសច្ចាប្រណិធានមិនបានដើរតួនាទីសំខាន់ក្នុងការសម្តែងសច្ចភាពឡើយ។បុគ្គលខ្លះស្បថតាមការបង្ខិតបង្ខំដោយខ្លួនឯងមិនបានចូលរួមសកម្មភាព ឬដឹងឮរឿងរ៉ាវអ្វីទាំងអស់។ ការធ្វើរបៀបនេះហាក់ដូចជាគ្មានប្រយោជន៍ គ្មានតម្លៃសម្រាប់ពាក្យសម្បថ។ ក្នុងករណីនេះ អាចបញ្ជាក់បានដូចជាក្នុងការស្បថចូលកាន់តំណែងមន្ត្រីមួយចំនួនមិនគោរពតាមពាក្យសម្បថ ប្រព្រឹត្តអំពើអាក្រក់ផ្តេសផ្តាសក៏នៅតែសុខសប្បាយយូរអង្វែង ។ រីឯនៅក្នុងសវនាការជំនុំជម្រះក្តី ករណីខ្លះអ្នកមានលុយ មានឥទ្ធិពលខ្លាំងក៏ឈ្នះក្តី ទោះបីជាគេបំពានលើពាក្យសម្បថ យ៉ាងណាក្តី បុគ្គលខ្លះបានធ្វើការសច្ចាស្បថស្បែរ គ្មានការប្រែចិត្ត តែក៏មិនប្រតិបត្តិតាម មិនបានជួបនឹងសំណាងអាក្រក់ឡើយ។
ដូចនេះសរុបមកឃើញថាតម្លៃនៃពាក្យសច្ចាប្រណិធានមិនអាចធ្វើជាសាក្សីដល់ការធ្វើពាក្យសច្ចៈបានគ្រប់ពេលវេលានោះទេ ។
សរុបសេចក្តីមកតាម ការពិភាក្សារបស់ប្រធានខាងលើ មតិស្របមានលក្ខណៈត្រឹមត្រូវម៉្យាងបានឲ្យតម្លៃទៅពាក្យសម្បថ ជាផ្នែកសំខាន់នៃផ្នត់គំណិតមនុស្ស តែមតិផ្ទុយក៏សមហេតុផលម៉្យាងព្រោះពាក្យសម្បថគ្រាន់តែជាពាក្យទ័លច្រកប៉ុណ្ណោះអ្វីដែលជាក់ស្តែងនោះគឺភស្តុតាង។ ដូចនេះ មតិទាំងពីរនេះមានទិសដៅស្របគ្នា ។
ឆ្លងតាមការអធិប្បាយវែកញែកមតិខាងលើរួចមកយើង អាចវាយតម្លៃបានថា ការយល់ឃើញរបស់មតិខាងលើមិនទាន់ត្រឹមត្រូវទេ ពីព្រោះបានផ្តោតសំខាន់តែទៅលើតម្លៃវិជ្ជមាន នៃពាក្យសម្បថ ហើយភ្លេចគិតដល់តម្លៃអវិជ្ជមានខ្លះៗ ទៀត ។ ដូច្នេះដើម្បីឲ្យពាក្យសម្បថកាន់តែមានតម្លៃក្នុងផ្នត់គំណិតគប្បីនាំគ្នានិយាយពិតត្រង់ហ៊ានទទួលស្គាល់ទង្វើដែលខ្លួនបានប្រព្រឹត្តទើបពាក្យសច្ចាប្រណិធាននៅតែជាការចាំបាច់ក្នុងការធ្វើជាសាក្សីដល់មនុស្សគ្រប់រូបក្នុងសង្គម៕
0 Comments