Header Ads Widget

ប្រធាន ៖ ទស្សនៈមួយបានលើកឡើងថា “តម្លៃមនុស្សត្រូវបាន ស្តែងចេញតាមរយៈសមត្ថភាព”។ តើចំណុចត្រង់ណាខ្លះដែល បញ្ជាក់ពីសមត្ថភាព? ចូរបង្ហាញដោយលើកអំណះអំណាងមក បញ្ជាក់ ។

សេចក្តីអធិប្បាយ

    មនុស្សគ្រប់រូបកើតមកពុំទាន់មានតម្លៃពេញលេញនោះទេដរាបណាមនុស្សខិតខំដោយខ្លួនឯងទៀតទើបទទួលបានតម្លៃពេញលេញ។ ការទទួលបានតម្លៃពេញលេញនោះត្រូវរាប់បញ្ចូលទៅដល់សមត្ថភាពរបស់បុគ្គលម្នាក់ៗផងដែរ។ ជុំវិញបញ្ហានេះហើយ ទើបមានទស្សនៈមួយបានឡើងថា “តម្លៃមនុស្សស្តែងចេញតាមរយៈសមត្ថភាព”។

    តើចំណុចត្រង់ណាខ្លះដែលបញ្ជាក់ពីសមត្ថភាពនោះ?

    ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិស កុំឲ្យងាករេផ្តេសផ្តាសក្នុងការបកស្រាយទស្សនៈប្រធានឲ្យកាន់តែមានអត្ថន័យស៊ីជម្រៅ និងកាន់តែក្បោះក្បាយថែមទៀតនោះ គប្បីត្រូវឈ្វេងយល់ន័យរបស់ពាក្យគន្លឹះមួយចំនួនក្នុងប្រធានជាមុនសិន។ “តម្លៃ” មានន័យថាភាពថ្លៃ អ្វីៗដែលខ្ពង់ខ្ពស់ថ្លៃថ្លា។ រីឯ  “សមត្ថភាព”គឺអ្វីដែលអាចធ្វើទៅបាន។ ដូចនេះន័យរួមដែលប្រធានចង់បានតម្រូវឲ្យធ្វើការអធិបប្បាយពីអ្វីដែលថ្លៃថ្លាខ្ពង់ខ្ពស់របស់មនុស្សបានស្តែងចេញតាមអ្វីដែលអាចធ្វើទៅបាន។

    ជាការពិតណាស់តាមរយៈទស្សនៈរបស់ប្រធានដែលបានអះអាងយ៉ាងច្បាស់ថាតម្លៃមនុស្សដែលបានស្តែងចេញតាមរយៈសមត្ថភាពគឺជាការមួយសមហេតុសមផលណាស់ពីព្រោះមនុស្សគ្រប់រូបមិនថាមានក្រអាក្រក់ល្អ សខ្មៅ ឬជាតិ សាសន៍ណានោះទេ ទាល់តែមានតម្លៃផ្ទាល់ខ្លួនទើបក្លាយទៅជាមនុស្សពេញលក្ខណៈ។ ទន្ទឹមនឹងនេះ បើតាមការពិនិត្យសង្កេតជាទូទៅ វាជារឿងមួយសាមញ្ញបំផុតស្របតាមអ្វី ដែលមនុស្សអាចធ្វើ និងទទួលយកបាននោះគឺ ការសង្កេតឡើងនូវសមត្ថភាព។ កាលណាមានសមត្ថភាពគ្រប់គ្រាន់ គេអាចចាត់ចែងការងារប្រកបដោយភាពប៉ិនប្រសប់ល្អ មានគំណិតច្នៃប្រឌិតប្លែកៗថ្មី ក្នុងការងារបង្កឲ្យមានបរិយាកាសរីករាយគ្មានទំនាស់ក្នុងពេលបំពេញការងារ។ ជាងនេះទៅទៀត តាមរយៈសមត្ថភាពគេនឹងទទួលបាននូវប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព មានមុខមាត់ មានឋានៈ ទទួលបាននូវកិត្តិយស រស់ក្នុងភាពថ្លៃថ្នូរ ដែលមនុស្សទូទៅទទួលស្គាល់និងឲ្យតម្លៃខ្ពស់ទៀតផង។ ជាក់ស្តែងតាមរយៈអត្ថបទព្រះរាមលើកធ្នូបានបញ្ជាក់ច្បាស់ពីសមត្ថភាពរបស់ ព្រះរាមក្នុងការលើកធ្នូរហូតទទួលបានជាញជ័យ លើបេក្ខជនដែលមកពីទិសទាំងដប់ហើយទទួលបានព្រះនាងសីតាជាអគ្គមហេសី។ នេះក៏ព្រោះតែព្រះរាមបានសិក្សារៀនសូត្រ ទាំងវិជ្ជាសិល្បៈសាស្ត្រពីគ្រូ(ឫសីពិស្វាមិត្រ)។ ចំណែក ក្នុងរឿងកុលាបប៉ៃលិនរបស់កវី ញ៉ុក ថែម វិញចៅចិត្របានក្លាយជាកូនប្រសារហ្លួងរតនសម្បត្តិ ដោយសារតែគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារ ថែមទាំងជួយរក្សាការពារសន្តិសុខឲ្យគ្រួសារលោកក្នុងខណៈពេលដែលមានអំពើចោរកម្មទៀតផង។ ចំពោះស្នាដៃអក្សរសិល្ប៍ទំនើបរឿងព្រះ អាទិត្យថ្មីរះលើផែនដីចាស់ និពន្ធនៅឆ្នាំ១៩៦០ លោករដ្ឋមន្ត្រីវ័យក្មេងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងកិច្ចការរាជរដ្ឋាភិបាលសម័យនោះ ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីទាំងវ័យក្មេង ។ ឯសមវិញ ក្លាយជាកសិករគម្រូហើយត្រូវបានជ្រើសតាំងឲ្យចូលរួមក្នុងសមាជជាតិលើកទីប្រាំបួននៅភ្នំពេញក៏ព្រោះតែមានសមត្ថភាពផងដែរ។

    សរុបសេចក្តីមកឃើញថាមនុស្សគ្រប់រូបមានតម្លៃពេញលេញកាលណាគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ កិច្ចការងារឆ្ពោះទៅរកភាពជោគជ័យធ្វើឲ្យមនុស្សទូទៅទទួលស្គាល់ហើយឲ្យតម្លៃខ្ពស់នៅក្នុងសង្គម ។

    ឆ្លងតាមការអធិប្បាយវែកញែករួចមកហើយខាងលើនេះ យើងអាចវាយតម្លៃបានថា ការលើកឡើងរបស់ប្រធានពិតជាបានផ្តល់នូវតម្លៃអប់រំដល់មនុស្សលើផ្នែកសមត្ថភាព។ ដូចនេះយើងទាំងអស់គ្នាគប្បីស្វែងរកសមត្ថភាពរៀងៗខ្លួនដើម្បីធ្វើឲ្យជីវិតកាន់តែមានតម្លៃពេញលេញមានប្រយោជន៍ សម្រាប់សង្គមមនុស្សទាំងបច្ចុប្បន្ន និងអនាគត ៕

បញ្ចេញមតិ

0 Comments