Header Ads Widget

ប្រធាន ៖ គេថា “ ប្រទេសកម្ពុជា គឺថាប្រទេសមួយសម្បូរទៅ ដោយសម្បត្តិធម្មថាត តែកម្ពុជានៅតែក្រ ” ។ តើមូលហេតុអ្វី ខ្លះដែលធ្វើឱ្យប្រទេសកម្ពុជាមិនអាចរំដោះខ្លួនពីភាពក្រីក្របាន? ក្នុងនាមអ្នកថាយុវជនជំនាន់ថ្មី តើអ្នកមានគំនិតយ៉ាងណាខ្លះចំពោះបញ្ហានេះ ?

សេចក្តីអធិប្បាយ

    ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានអំណោយផលសព្វបែបសព្វយ៉ាងពីធម្មជាតិសម្រាប់បង្កលក្ខណៈងាយ ស្រួលក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ។ ទោះជាសម្បូរបែបយ៉ាងនេះក្តី កម្ពុជានៅតែស្ថិតនៅក្នុងលំដាប់ប្រទេសពុំសូវជឿនលឿន ប្រជារាស្ត្រជួបប្រទះនឹងការលំបាកខ្វះខាតដដែល ។ ទាក់ទងទៅនឹងបញ្ហាខ្វះខាតនេះទើបមានមតិមួយលើកឡើងថា “ ប្រទេសកម្ពុជា ជាប្រទេស

មួយសម្បូរទៅដោយសម្បត្តិធម្មជាតិ តែកម្ពុជានៅតែក្រ ” ។

    តើបណ្ដាលមកពីមូលហេតុអ្វីខ្លះ បានជាកម្ពុជានៅតែក្របែបនេះ ?

    ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិស កុំឲ្យងាករេរផ្តេសផ្កាសនាំឲ្យបង់ផលប្រយោជន៍ ខាត់បង់កម្លាំង និងពេលវេលាក្នុងការបកស្រាយទស្សនៈប្រធាន ឲ្យកាន់តែមានអត្ថន័យស៊ីជម្រៅ និងកាន់តែក្បោះក្បាយថែមទៀតនោះ គប្បីត្រូវ ឈ្វែងយល់ន័យរបស់ពាក្យគន្លឹះ មួយចំនួនក្នុងប្រធានជាមុនសិន ។ ពាក្យ ”សម្បត្តិធម្មជាតិ“ មានន័យថាអ្វីៗដែល កើតឡើងដោយឯកឯង។ រីឯ “ក្រ” សំដៅដល់ភាពទន់ ខ្សោយ ពុំចម្រើនលូតលាស់ជួបប្រទះនឹងការលំបាក។ ដូចនេះប្រធានចង់ប្រាប់យើងពីមូលហេតុដែលប្រទេសកម្ពុជា សម្បូរទៅដោយធនធានជាច្រើនដែលកើតឯកឯង ប៉ុន្តែពុំអាចក្លាយទៅជាប្រទេសជឿនលឿនបាន ។

    ជាការពិតណាស់ប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិតែកម្ពុជានៅតែក្រ។ ភាពសម្បូរបែបនៃធនធានធម្មជាតិក្នុងប្រទេសកម្ពុជាមានដូចជាដីសម្បូរទៅដោយជីជាតិ អាកាសធាតុអំណោយផលក្នុងវិស័យដាំដុះ។ ម៉្យាងវិញទៀតកម្ពុជាមានព្រៃភ្នំមានឈើល្អៗ គ្រប់ប្រភេទសម្រាប់បម្រើការរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រ។ ចំណែកទឹកនៅប្រទេសកម្ពុជាសម្បូរទឹកប្រៃ ទឹកសាប ដែលមានត្រីគ្រប់ប្រភេទ សម្រាប់បម្រើការហូបចុក។ ចំពោះធនធាននៅក្រោមដី ដូចជាត្បូង មាស រ៉ែក ដែក ឧស្ម័ន និងរ៉ែប្រេងកាតជាដើម។ ទោះបីប្រទេសកម្ពុជាសម្បូរទៅដោយធនធានរ៉ែយ៉ាងនេះក្តី ក៏កម្ពុជាពុំមានការរីកចម្រើនលូតលាស់ ហើយសេដ្ឋកិច្ចចេះតែធ្លាក់ចុះដុនដាប សង្គមជួបតែភាពស្មុគស្មាញ ហើយការរស់នៅរបស់ប្រជាពលរដ្ឋនៅតែស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រដដែល។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា មិនអាចរំដោះចេញពីភាពក្រីក្របាន នេះបណ្តាលមកពីប្រទេសកម្ពុជាជួបប្រទះសង្គ្រាមរ៉ាំរ៉ៃជាហេតុនាំ ឲ្យគ្មានឱកាសសម្រាប់ទាញយក ចំណូលពីធនធានទាំងនោះ។ លើសពីនេះទៅទៀត ដោយសារប្រទេសកម្ពុជាត្រូវ ត្រួតត្រាដោយបរទេសតាមរយៈការកេងប្រវ័ញ្ច ឆក់ប្លន់ និងនាំយកសម្បត្តិធម្មជាតិទាំងនោះទៅស្រុកគេ។ បើផ្អែកទៅ លើកត្តាប្រជារាស្ត្រវិញឃើញថាពលរដ្ឋខ្មែរពីមួយឆ្នាំទៅមួយ ឆ្នាំចេះតែកើនឡើង តម្រូវការប្រើប្រាស់មិនគ្រប់គ្រាន់ ខ្វះនូវសមត្ថភាពច្នៃប្រឌិត ពុំចេះផលិត ចំណេះដឹងបច្ចេកទេសនៅទាប និងខ្វះការអប់រំបណ្ដុះបណ្ដាលឲ្យចេះប្រើប្រាស់ថែរក្សា ការពារឲ្យបានដិតដល់ ។ បើយើងងាកមកមើលធនធានផលិតវិញ ប្រទេសកម្ពុជាយើងខ្វះដើមទុនសម្រាប់អភិវឌ្ឍន៍ធនធានឲ្យមានលក្ខណៈទ្រង់ទ្រាយធំ និងសម្រាប់លក់ដូរផលិតផលទៅតាមតម្រូវការបាន។ ម៉្យាងដោយទុនពង្រីកបានតែក្នុងក្របខណ្ឌអាជីវកម្ម ធនធានធម្មជាតិតាមបែបបវេណី ដែលមានសិប្បកម្មខ្នាតតូចប៉ុណ្ណោះ។ ដូច្នេះដើម្បី ចូលរួមដោះស្រាយបញ្ហាក្រីក្រផ្អែកលើធនធានធម្មជាតិពលរដ្ឋទូទៅ។ ជាពិសេសយុវជនត្រូវបង្កើនការសិក្សារៀនសូត្រ ពីជំនាញបច្ចេកវិទ្យាសម្រាប់យកទៅច្នៃធនធានធម្មជាតិក្នុងស្រុកជាលទ្ធផលសម្រេច ដើម្បីនាំចេញដោយខ្លួនឯងទៅ លក់នៅក្រៅប្រទេស (បរទេស)។ ពលរដ្ឋម្នាក់ៗត្រូវមាន ទម្លាប់ល្អ ឧស្សាហ៍ព្យាយាមជាប់ជាប្រចាំ ឬតាមលំអាននៃបុព្វបុរសដែលមានស្រាប់ឲ្យអស់ពីលទ្ធភាព។ ប្រមុខរាជរដ្ឋាភិបាលចាំបាច់ត្រូវរៀបចំផែនការគ្រប់គ្រងបណ្ដុះបណ្ដាលសមត្ថភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ ប្រមូលថវិកា ពង្រីកការច្នៃប្រឌិតធនធាន ទំនាក់ទំនងវិនិយោគិន ធ្វើអាជីវកម្មធនធានធម្មជាតិឲ្យបានត្រឹមត្រូវតាមច្បាប់ ហើយពលរដ្ឋរួម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចេះចាត់ចែងធនធានដែលមានយកមកប្រើប្រាស់ដោយរក្សាឲ្យបានល្អនូវ និរន្តរភាពធនធានធម្មជាតិឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។ 

    សរុបសេចក្តីមក តាមរយៈការបកស្រាយខាងលើឃើញថាប្រទេសកម្ពុជា ពិតជាសម្បូរទៅដោយសម្បត្តិធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ពិតមែន។ ប៉ុន្តែកម្ពុជា នៅតែចុះដុនដាបខ្សោយដោយសារតែកត្តានយោបាយ ប្រជាពលរដ្ឋ អ្នកដឹកនាំពុំអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទាញយកធនធានធម្មជាតិ មកប្រើប្រាស់ជាប្រយោជន៍សាធារណៈបាន។

    ឆ្លងតាមការអធិប្បាយ វែកញែករួចមកហើយយើងអាច វាយតម្លៃបានថា មតិប្រធានមានអត្ថន័យល្អជ្រាលជ្រៅក្នុងការបង្ហាញឲ្យដឹងពីចំណុចខ្សោយ របស់កម្ពុជាក្នុងការ ប្រើប្រាស់ធនធានធម្មជាតិសម្រាប់អភិវឌ្ឍជាតិ ។ ដូចនេះក្នុងនាមយើងជាពលរដ្ឋខ្មែរមួយរូប គប្បីខិតខំរៀនសូត្រឲ្យមានចំណេះដឹងពេញលេញ ក្នុងការចាត់ចែងធនធានធម្មជាតិឲ្យចំទិសដៅ និងផ្តន្ទាទោសចំពោះអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ ហើយនិងមានគំនិតសិក្សាពីបច្ចេកទេសក្នុងការផលិតធនធានធម្មជាតិមកបម្រើសេចក្តីត្រូវការក្នុងសង្គមឲ្យមានប្រសិទ្ធភាព ៕


បញ្ចេញមតិ

0 Comments