សេចក្តីអធិប្បាយ
ព្រះពុទ្ធសាសនា គឺជាសាសនាធំមួយដែលមានប្រភពនៅប្រទេសនេប៉ាល់ នាប្រាំរយឆ្នាំសែសិបបីឆ្នាំមុនគ្រឹស្តសករាជ។ សាសនានេះបានហូរជ្រាបចូលជ្រៅនូវក្នុងអារម្មណ៍ អ្នកកាន់ពុទ្ធសាសនាខ្មែរ តាំងពីសម័យបុរាណយូរយារណាស់មក ហើយបានអប់រំពុទ្ធសាសនិកឲ្យឆ្ពោះទៅរកអ្នកកាន់ពុទ្ធសាសនាខ្លះយល់ថា “ព្រះពុទ្ធសាសនា ជាសាសនាសន្តិភាពនិយមអហិង្សា និងបានរួមចំណែកយ៉ាងសកម្មក្នុងចលនាអភិវឌ្ឍជាតិខ្មែរ“។
តើព្រះពុទ្ធសាសនា បានរួចមចំណែកអភិវឌ្ឍជាតិខ្មែរយ៉ាងដូចម្តេចខ្លះ ?
ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិស កុំឲ្យងាករេផ្តេស ផ្តាសនាំឲ្យបង់ផលប្រយោជន៍ ខាតបង់កម្លាំង និងពេលវេលាក្នុងការបកស្រាយទស្សនៈប្រធានឲ្យកាន់តែមានអត្ថន័យស៊ីជម្រៅ និងកាន់តែក្បោះក្បាយថែមទៀតនោះ គប្បីត្រូវស្វែងយល់ន័យរបស់ពាក្យគន្លឹះមួយចំនួនក្នុងប្រធានជាមុនសិន ។ ពាក្យ“សន្តិភាពនិយម ” គឺការប្រកាន់ខ្ជាប់នូវសេចក្តី សុខសាន្ត ប្រាសចាកសង្គ្រាម និងការបង្ហូរឈាម។ រីឯ“អហិង្សា“ មានន័យថាការមិនបៀតបៀន ការមិនចងគំនុំ គុំគួន ការដោះស្រាយបញ្ហាដោយសន្តិវិធី ។ ចំណែកពាក្យ “អភិវឌ្ឍជាតិ“ សំដៅដល់ការកសាងជាតិមួយឲ្យដល់នូវសេចក្តីចម្រើនលូតលាស់រុងរឿង។ ដូចនេះប្រធានចង់ បង្ហាញឲ្យឃើញអំពីព្រះពុទ្ធសាសនាដែលជាសាសនាមួយអប់រំមនុស្សឲ្យស្រឡាញ់សេចក្តីសុខ មិនបៀតបៀនគ្នា និង រួមចំណែកកសាងជាតិខ្មែរឲ្យរីកចម្រើនរុងរឿង ។
ជាការពិតណាស់ ទស្សនៈដែលប្រធាន បានអះអាងខាងលើឃើញថា ព្រះពុទ្ធសាសនាជាសាសនាមួយ គឺឈរលើឧត្តមគតិអប់រំសង្គមមនុស្សឲ្យស្រឡាញ់សេចក្តីសុខ ស្អប់ខ្ពើមសង្គ្រាម ការបៀតបៀន ចងអាឃាត ព្យាបាទ និន្ទា ឈ្នានីសគ្នា។ មួយទៀតទ្រឹស្ដីនេះជាមូលដ្ឋានរបស់ព្រះពុទ្ធ សាសនាដែលបានចែងថា “ធ្វើល្អបានល្អ ធ្វើអាក្រក់បាន អាក្រក់ “ ឬ “ ពៀរម្ងាប់ដោយការមិនចងពៀរគ្នា ” ។ ទ្រឹស្ដី ព្រះពុទ្ធសាសនានេះ តែងអប់រំមនុស្សឲ្យមាន មនុស្សធម៌ ចេះបរិច្ចាគទាន ចេះយកអាសារការពារគ្នា ក្នុងគ្រាមានអាគ្រោះសន្ន ដូចជាគ្រោះថ្នាក់បង្កឡើងដោយគ្រោះទឹកជំនន់ អគ្គិភ័យ និងគ្រោះដែលកើតឡើងពីខ្យល់ព្យុះសង្ឃរាជាដើម។ ម៉្យាងវិញទៀតបើយើងមើលទៅក្នុងក្រមសីលធម៌ឃើញថាបម្រាមរបស់អង្គព្រះសម្មាសម្ពុទ្ធ មានន័យអប់រំមនុស្ស មិនឲ្យបៀតបៀនដល់ផលប្រយោជន៍ ឬជីវិតដូចគ្នា ដូចជាហាម សម្លាប់សត្វមានជីវិត ហាមលួចប្លន់ទ្រព្យសម្បត្តិអ្នកដទ ហាមសេពកាម ហាមនិយាយពាក្យកុហក ហាមសេពគ្រឿង ស្រវឹង មេរ័យ និងគ្រឿងញៀន។ ទន្ទឹមនឹងនេះព្រះពុទ្ធសាសនាក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការស្ថាបនាធនធាន មនុស្ស ដើម្បីអភិវឌ្ឍវត្តអារាម បានផ្ដល់ជម្រកដល់យុវជន និស្សិតខ្មែរដែលមកពីស្រែចម្ការ ឬតំបន់ជនបទដាច់ស្រយាលឲ្យបន្តការសិក្សានៅមហាវិទ្យាល័យនានាក្នុងទីក្រុង ឬទីប្រជុំជន។ វត្តអារាមនេះ ក៏ជាចំណែកមួយជួយដោះស្រាយ បញ្ហាសង្គមកិច្ចដោយផ្ដល់ជាទីកន្លែងស្នាក់អាស្រ័យចំពោះ ជនអាណាថា និងបើកទូលាយដល់ពុទ្ធបរិស័ទទូទៅឲ្យមានឱកាសក្នុងការធ្វើបុណ្យទានអប់រំផ្លូវកាយ ផ្លូវចិត្ត ឲ្យស្អាត បរិសុទ្ធចៀសវាងការប្រើហិង្សាផ្សេងៗ។ ព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនាក៏បានជួយបង្ហាត់បង្រៀន ផ្តល់ចំណេះដឹង ដល់កូនចៅរបស់អ្នកស្រុកតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ហើយព្រះសង្ឃក៏បានចូលរួមកសាងស្ពាន សាលារៀន មន្ទីរពេទ្យ សាលាធម្មសភា ជាដើម ។ លើសពីនេះទៅទៀត ព្រះពុទ្ធសាសនាបានបង្កឲ្យមានបុណ្យទានជាច្រើនសម្រាប់បណ្តុះនិស្ស័យខ្មែរឲ្យស្រឡាញ់ និងសាមគ្គីគ្នា មានដូចជា បុណ្យផ្ការស្មីសាមគ្គី បុណ្យកថិនទាន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យវិសាខបូជា បុណ្យកតញ្ញូកត្តវេទី បុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌជាដើម ។
សរុបសេចក្ដីមកតាមរយៈ ការបកស្រាយរួចមកហើយ ខាងលើឃើញថាព្រះពុទ្ធសាសនា តែងផ្សារភ្ជាប់នឹងគំនិតទូន្មានឲ្យមនុស្ស ស្រឡាញ់នូវសេចក្តីសុខ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងសង្គមជាតិ ថែមទាំងបាន រួមចំណែកវិភាគទានក្នុងការកសាងភាពរីកចម្រើន ដល់សង្គមជាតិខ្មែរយ៉ាងពិតប្រាកដមែន ។
ឆ្លងតាមការអធិប្បាយរួចមកយើងអាចវាយតម្លៃបានថាប្រធានពិតជាមានអត្ថន័យល្អត្រឹមត្រូវ សមស្របទាំងស្រុង ក្នុងការអប់រំពុទ្ធបរិស័ទឲ្យធ្វើនូវអំពើល្អ។ ដូចនេះដោយមើលឃើញពីសារប្រយោជន៍នៃព្រះពុទ្ធសាសនា បែបនេះហើយទើបតម្រូវឲ្យខេមរជន អ្នកសិក្សាស្រាវជ្រាវ និស្សិតគ្រប់រូប ជួយលើកស្ទួយពុទ្ធសាសនា ដើម្បីកសាងសន្តិភាពផង និងអភិវឌ្ឍជាតិផង៕
0 Comments