Header Ads Widget

ប្រធានបទ: នៅក្នុងសម័យបរិបទប្រកួតស៊ីហ្គេមនៅប្រទេសកម្ពុជាគេសង្កេតឃើញពាក្យមួយឃ្លាបានពោលថា«កីឡារស់ក្នុងសន្តិភាព»តើពាក្យស្លោកនេះមានអត្ថន័យយ៉ាងដូចម្តេចខ្លះ?

សេចក្តីអធិប្បាយ

    នៅក្នុងសង្គមមួយដែលពោរពេញទៅដោយសុខសន្តិភាពគេតែងរមែងឃើញនូវការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យរួមមាន សេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ការអប់រំវប្បធម៌ ទំនាក់ទំនងអន្តរជាតិ និងកម្មវិធីប្រកួតកីឡាផ្សេងៗជាដើម ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ បែបនេះដែលជាហេតុធ្វើឲ្យមានការលេចរូបរាងឡើងនៃសន្តិភាពរបស់ប្រទេសមួយ។ ដោយអាស្រ័យហេតុនេះហើយទើបបណ្តាលមានពាក្យស្លោកមួយឃ្លាបានពោលថា«កីឡារស់ក្នុងសន្តិភាព»។ តើពាក្យស្លោកមួយឃ្លានេះបានបង្កប់នូវអត្តន័យយ៉ាងដូចម្តេចខ្លះ?

    ដើម្បីជាប្រទីបស្រាយបំភ្លឺប្រធានបទឱ្យកាន់តែមានរសជាតិក្បោះក្បាយ និងស៊ីជម្រៅយើងគួរគប្បីស្វែងយល់ពាក្យគន្លឹះ របស់ប្រធាននៅកាន់តែច្បាស់ជាមុនសិន។ ជាបឋមពាក្យ«កីឡា» គឺសំដៅលើល្បែងផ្សេងៗដែលនាំមកនូវសុខភាពល្អមួយព្រមមក ជាមួយនឹងការសាមគ្គីគ្នា និងស្មារតីមោះមុតតស៊ូដើម្បីទទួលបានជ័យជំនះ។ ចំណែកឯពាក្យ«សន្តិភាព»មានន័យថាគឺជាភាពសុខដុម រមនាភាពសុខសាន្តគ្មានសង្គ្រាម។ តាមរយៈអត្ថន័យរបស់ប្រធានយើងអាចបកស្រាយបានថាកីឡាអាចអាចមានភាពរីកចម្រើនបានគឺអាស្រ័យលើប្រទេសជាតិមានសុខសុវត្ថិភាព គ្មានសង្គ្រាមកើតឡើងទើបអាចឲ្យមានការប្រកួតកីឡាផ្សេងៗរវាងអន្តរជាតិបាន។

    ជាការពិតណាស់ដែលយើងមិនអាចប្រកែកបាននៅក្នុងប្រទេសមួយដែលមានសន្តិភាពតែងតែលេចឡើងនូវព្រឹត្តិការណ៍ការប្រកួតកីឡាដើម្បីចងសម្ព័ន្ធមិត្តរវាងប្រទេសនិងប្រទេសជាដើម ឬជាការប្រកួតដើម្បីដណ្ដើមជ័យលាភីជូនប្រទេសជាតិ។ ជាក់ស្ដែងកាលពីពេលកន្លងទៅថ្មីៗនេះកម្ពុជារបស់យើងបានចូលជើងជាម្ចាស់ផ្ទះចំពោះមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលមានប្រទេសចំនួនដប់មួយចូលរួមហើយនេះក៏ជាការទន្ទឹងរង់ចាំរបស់ប្រជាជនក្នុងប្រទេសកម្ពុជាអស់រយៈពេលហុកសិបបួនឆ្នាំមកហើយបើគិតចាប់ពីឆ្នាំមួយពាន់ប្រាំបួនរយហាសិបប្រាំបួនមក។ បន្ថែមពីលើនេះទៅទៀតនោះការផ្ទេរតំណែងម្ចាស់ផ្ទះស៊ីហ្គេមលើកទីសាមសិបពីរ ដល់ប្រទេសកម្ពុជាលើកដំបូងបំផុតជាប្រវត្តិសាស្ត្រនោះគឺអាស្រ័យបានដោយសារសន្តិភាព និងសុខសុវត្ថិភាពក្នុងប្រទេសកម្ពុជា។ ប្រសិនជាប្រទេសកម្ពុជាមិនទាន់មានសន្តិភាព និងភាពសុខសាន្តក្នុងប្រទេសទេនោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ស៊ីហ្គេមលើកទីសាមសិបពីរ ក៏មិនអាចមានវត្តមាននៅលើទឹកដីសុវណ្ណភូមិមួយនេះបានដែរ។ ឧទាហរណ៍ដូចជាចាប់តាំងពីការធ្វើ រដ្ឋប្រហាររបស់លន់នល់ ដើម្បីផ្ដួលរលំសម្តេចព្រះនរោត្តមសីហនុនៅថ្ងៃទីដប់ប្រាំបី មីនា ឆ្នាំមួយពាន់ប្រាំបួនរយចិតសិបមក ប្រទេសកម្ពុជាបានទទួលរងនូវសង្គ្រាមស៊ីវិលក្នុងប្រទេស និងពោរពេញដោយភាពវឹកវរ អសន្ដិសុខ ចលាចល ពេញផ្ទៃប្រទេស ចំណែកឯទីក្រុងក៏រីសាយនូវអំពើចោរកម្ម បាតុកម្ម កុប្បកម្ម កូដកម្ម ផងដែរ។ លើសពីនេះទៅទៀតនោះប្រទេសជិតខាង និងពិភពលោកគឺមិនទទួលស្គាល់ឡើយថាកម្ពុជាជាប្រទេសមានការអភិវឌ្ឍន៍ និងសន្តិភាពក្រោមការដឹកនាំរបស់ លន់ នល់ទេ។ ក្រោយមកសង្គ្រាមផ្ទៃក្នុងនេះត្រូវបានបន្លាយពេលរហូតដល់ឆ្នាំ មួយពាន់ប្រាំបួនរយចិតសិបប្រាំ ពោលគឺនៅពេលសង្គ្រាមស៊ីវិលបញ្ចប់ ភ្លាមនៅថ្ងៃទីដប់ប្រាំពីរ មេសា ឆ្នាំមួយពាន់ប្រាំបួនរយចិតសិបប្រាំ របបថ្មីផ្សេងទៀតបានលើកឡើងគឺរបស់ប្រល័យពូជសាសន៍ ខ្មែរ ឬកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ហៅ សាឡុត ស ដែលជារបបធ្វើឱ្យប្រទេសកម្ពុជាជាតិក្នុងភាពដុនដាប យ៉ាងខ្លាំងបំផុតដោយសារការគាបសង្កត់ពីពួកអង្គការខ្មែរក្រហមដែលមានការសម្លាប់យ៉ាងរង្គាលពាសពេញផ្ទៃប្រទេសនិងឲ្យប្រជាជនត្រូវរស់ដោយភាពស្រែកឃ្លានគ្មានអាហារហូបចុកគ្រប់គ្រាន់ ធ្វើការលើសពីកម្លាំងបាយពោលគឺធ្វើការលើសពី ដប់ពីរ ម៉ោងក្នុងមួយថ្ងៃ និងរស់នៅដោយបែកបាក់គ្រួសារ សាច់ញាតិសន្តាន គ្មានសូម្បីតែការជួបជុំ បាត់បង់សិទ្ធិសេរីភាពធ្វើអ្វីៗតាមចិត្តចង់ របស់ខ្លួន។ បន្ថែមពីលើនេះទៅទៀតនោះក្នុងរបបដ៏ព្រៃផ្សៃមួយនេះបានធ្វើឲ្យប្រទេស

កម្ពុជាបាត់បង់នូវកិត្តិយសមុខមាត់ពីឆាកអន្តរជាតិដោយសារការធ្វើជារបាយសម្រិតសម្រាំងគឺតាមរយៈការចាប់ជនដែលអង្គការខ្មែរក្រហមសង្ស័យមកធ្វើទារុណកម្ម និងសម្លាប់យ៉ាងអនាធិបតេយ្យ និងអាណោចអាធម្មជាទីបំផុត ពិសេសនោះគឺជនបរទេសដែលគេសង្ស័យច្រើនថាជាពួកចារកិច្ច ស៊ីអាយអេ របស់សហរដ្ឋអាមេរិក និង កាបើសើរបស់សហភាពសូវៀតជាជនមុខសញ្ញាត្រូវបានអង្គការខ្មែរក្រហមសម្លាប់ច្រើនបំផុត។ ស្របទៅ តាមខ្លឹមសារនេះយើងអាចសង្កត់ធ្ងន់បានថាខ្មែរក្រហមបានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងរបរដ៏ខ្មៅងងឹតដែលពោរពេញដោយការ បង្ហូរឈាមខ្មែរ និងខ្មែរដែលជាចំណុចធ្វើឱ្យបរទេសក៏ដូចជាអន្តរជាតិស្អប់ខ្ពើម និងខ្លាចរអាកម្ពុជាប្រជាធិបតេយ្យនេះ។ គួរបញ្ជាក់

ផងដែរថាកម្ពុជាត្រូវរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតមួយនេះអស់រយៈពេល បីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ដោយគ្មានការប្រារព្ធនូវព្រឹត្តិការណ៍អន្តរជាតិអ្វីឡើយពីព្រោះមិនមានសុខសុវត្ថិភាព និងសន្តិភាពក្នុងប្រទេស។ ចំណែកឯប្រទេសជិតខាង និងអន្តរជាតិក៏មិនហ៊ានចងសម្ព័ន្ធមិត្តជាមួយកម្ពុជាដែលធ្វើឲ្យកម្ពុជាត្រូវបាត់បង់គេឈ្មោះលើឆាកអន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញបើយើង ក្រឡែកទៅមើលរបបសង្គមរាស្រ្តរនិយមក្រោមការដឹកនាំរបស់សម្តេចនរោត្តមសីហនុក្នុងឆ្នាំ មួយពាន់ប្រាំបួនរយហាសិបប្រាំដល់ឆ្នាំមួយពាន់ប្រាំបួនរយចិតសិប គឺព្រះអង្គបានធ្វើឲ្យប្រទេសស្ថិតនៅក្នុងភាពរីកចម្រើន និងសន្តិភាពពាសពេញផ្ទៃប្រទេសអស់រយៈពេលដប់ប្រាំឆ្នាំ ដោយសារការអនុវត្តនយោបាយអព្យាក្រឹតមិនលំអៀងទៅខាងកុម្មុយនីស្ត ឬសេរីឡើយ ដែលធ្វើឱ្យប្រទេស ជុំវិញពិភពលោកមិនហ៊ានលូកដៃចូលប្រទេសកម្ពុជាជាហេតុនាំឲ្យកម្ពុជាពេលនោះចាប់ផ្ដើមមានសន្ទុះនៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច នយោបាយ វិស័យកីឡា និងប្រព័ន្ធអប់រំយ៉ាងក្រៃលែង។ ជាពិសេសយើងអាចសង្កេតឃើញថាសន្ទុះនៃការរីកចម្រើនផ្នែកវិស័យកីឡាបានធ្វើឱ្យកម្ពុជាលេចមុខមាត់នៅលើឆាកអន្តរជាតិ និងបានបើកទ្វារឲ្យពិភពលោកបានស្គាល់ពីប្រទេសកម្ពុជាផងដែរ។

ជាក់ស្តែងនៅក្នុងឆ្នាំ មួយពាន់ប្រាំបួនរយហុកសិបប្រាំមួយ គឺនៅពេលដ៏វិសេសវិសាលមួយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចំពោះមហាព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិហ្គេននីហ្វូលើកទីពីរ ដែលមានប្រទេស ហាសិបមួយ មកចូលរួមប្រកួត។ នេះបានស្ដែងឲ្យ យើងគ្រប់គ្នាបានឃើញថាប្រទេសកម្ពុជានាកាលរបបសង្គមរាស្ត្រនិយមពិតជាមានសុខសន្តិភាពមែនទើបព្រឹត្តិការណ៍កីឡាល្បីល្បាញនេះព្រមប្រគល់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំយ៉ាងឧត្ដុងឧត្ដមរបស់សម្តេចនរោត្តម សីហនុ ដែលជាបិតាទាមទារឯករាជ្យជូនប្រទេសកម្ពុជាផងដែរ។ ទាំងនេះក៏បានសបញ្ជាក់ផងដែរថាការដឹកនាំរបស់សម្ដេចនរោត្ដមសីហនុបានធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងមាគ៌សន្តិភាពដែលមិនអាចកាត់ថ្លៃបានឡើយ។ ចំណែកឯចាប់តាំងពីឆ្នាំ មួយពាន់ប្រាំបួនរយកៅសិបប្រាំមួយដល់បច្ចុប្បន្នវិញក៏មិនខុសគ្នាពីរបស់សង្គមរាស្រ្តនិយមដែរ ដោយសារក្រោមអធិបតីភាពសម្ដេចហ៊ុនសែនលោកជាអ្នកផ្តួចផ្តើមគំនិត ស្វែងរកសន្តិភាពឲ្យកម្ពុជាក្រោយពីប្រទេសឆ្លងកាត់សង្គ្រាមយ៉ាងរ៉ាំរ៉ៃ និងខ្មៅងងឹត។ ដោយ នៅដើមខែកុម្ភៈ ឆ្នាំមួយពាន់ប្រាំបួនរយកៅសិបប្រាំមួយ សម្តេចបានចរចានិងផ្ដើមគំនិតជាមួយសម្ព័ន្ធត្រីភាគីឱ្យធ្វើសមាហរណកម្មជាធ្លុងមួយដើម្បីបង្កើតនូវគោល នយោបាយឈ្នះឈ្នះក្នុងការបោះជំហានដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឲ្យរស់ក្នុងផ្លូវសន្តិភាព និងគ្មានការបាញ់បោះគ្នាទៅតទៅទៀត។ ជាលទ្ធផលការធ្វើសមាហរណកម្មក៏ដូចជាការអនុវត្តគោលនយោបាយឈ្នះឈ្នះគឺបានសម្រេចមែននាថ្ងៃទី ម្ភៃប្រាំបួន ខែធ្នូ ឆ្នាំមួយពាន់ប្រាំបួនរយកៅសិបប្រាំបីដែលជាកាលបរិច្ឆេទកំណត់យកភាពជោគជ័យនៃគោលនយោបាយឈ្នះដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទល់សព្វថ្ងៃ។ ពិតណាស់ការដែលប្រទេសមានសន្តិភាពបែបនេះបានធ្វើឱ្យសេដ្ឋកិច្ច នយោបាយ និងការអប់រំវប្បធម៌រីកចម្រើនក្នុងប្រទេសដែលជាឱកាសដ៏ល្អឲ្យពិភពលោកមើលឃើញប្រទេសតូចតែបេះដូងធំមួយនេះ។ កាលពីពេល កន្លងទៅថ្មីៗនេះការប្រគល់ភាពជាម្ចាស់ផ្ទះដល់កម្ពុជាដើម្បីដឹកនាំមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី សាមសិបពីរ និងអាស៊ានប៉ារ៉ាហ្គេមលើកទីដប់ពីរ ពិតជាធ្វើឲ្យប្រជាជនកម្ពុជាមានមោទនភាពឥតគណនាដោយសារតែកម្ពុជារង់ចាំអស់រយៈពេល ហុកសិបបួន ឆ្នាំមកហើយដោយសារឥទ្ធិពលសង្គ្រាមឥតឈប់ឈរ។ ទាំងនេះក៏ដោយសារតែការអនុវត្តន៍គោលនយោបាយឈ្នះឈ្នះក្រោមអធិបតីភាពរបស់សម្ដេចហ៊ុនសែនដែលផ្ដល់ពន្លឺមាសពេជ្រដល់កម្ពុជាសម្រាប់ការប្រារព្ធនូវព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយនេះ។

ការធ្វើជាម្ចាស់ផ្ទះសម្រាប់ដឹកនាំការប្រកួតកីឡាស៊ីហ្គេមដែលមានប្រទេសចំនួនដប់មួយ ចូលរួមនេះ បានធ្វើឲ្យវិស័យកីឡាក្នុងប្រទេសកម្ពុជាមានដង្ហើមដកសារឡើងវិញក្រោមពាក្យស្លោកមួយបានពោលថា«មានសន្តិភាពទើបកីឡា មានជីវិតមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ»។

    សរុបសេចក្ដីឡើងវិញមក ការដែលប្រទេសមួយទទួលបានសន្តិភាពពេញលេញគ្មានសង្គ្រាមប្រទេសនោះនឹង មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគ្រប់វិស័យ       ជាពិសេសវិស័យកីឡាដែលយើងមិនគួរមើលរំលងឡើយពីព្រោះក្នុងវិស័យនេះបានផ្ដល់យើងទាំងការសាមគ្គីគ្នា និងប្រាក់ចំណូលជូនជាតិមាតុភូមិផងដែរ។ កីឡាអាចមានជីវិតមានសកម្មភាពនិងមានការអភិវឌ្ឍន៍បានគឺ អាស្រ័យលើប្រទេសមានសន្តិភាព។

    ជាងនេះទៅទៀតនោះក្នុងប្រធានបទមួយនេះក៏បានបង្កប់នូវអត្តន័យអប់រំយ៉ាងជ្រាលជ្រៅផងដែរដូចជាយើងគួរបង្កើននូវភាពសុខសន្តិភាពក្នុងប្រទេសជាតិឲ្យកាន់តែរីកដុះពេញផ្ទៃប្រទេសដើម្បីឲ្យកីឡាក្នុងប្រទេសយើងកាន់តែរីកចម្រើនដែលជា ផ្លូវមួយដឹកនាំប្រទេសយើងអាចបង្កើតទំនាក់ទំនង និងចងសម្ព័នមិត្តគ្នាជាមួយប្រទេសជិតខាង និងអន្ដរជាតិ។ ក្នុងនាមជាយុវជនទំពាំងឬស្សីមួយរូបយើងគួរគប្បីជៀសវាងការបង្ករឿងអសន្តិសុខនិងអំពើពុករលួយក្នុងប្រទេសដែលជារឿងមួយខុសច្បាប់ និងឥតប្រយោជន៍ ផ្ទុយទៅវិញយើងគួរមកធ្វើរឿងណាល្អសម្រាប់សង្គមរស់នៅរបស់ខ្លួនដើម្បីឲ្យប្រទេសឈានដល់ការអភិវឌ្ឍ។


បញ្ចេញមតិ

0 Comments