សេចក្តីអធិប្បាយ
បើនិយាយពីដំណើរជីវិតរបស់មនុស្សក្នុងលោកយើងនេះ មានច្រើនបែបច្រើនយ៉ាង ដោយបុគ្គលខ្លះពុះពារនឹងជីវិតតែបន្តិចបន្តួចក៏មានជីវភាពល្អប្រសើរ រស់នៅក្នុងស្ថានភាពស្តុកស្តម្ភ រីឯបុគ្គលខ្លះទៀតខិតខំស្រវាស្រទេញប្រឈមក្នុងជីវិតគ្រប់បែបយ៉ាង តែជីវភាពបែរជាលំបាកតោកយ៉ាកស្ទើរគ្មានសេចក្តីសុខក្នុងមួយជីវិតខ្លួនទៅវិញ។ យ៉ាងនេះហើយទើបជុំវិញនៃដំណើររឿងជីវិតរបស់មនុស្សនេះ នៅក្នុងរឿងថៅកែចិត្តចោរ និងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ អ្នកនិពន្ធបានឆ្លុះបញ្ចាំងពីខ្សែជីវិតតួអង្គហំ និងតួអង្គសមមកបង្ហាញដល់អ្នកអាន និងអ្នកសិក្សាដែរ។
តើខ្សែជីវិតរបស់តួអង្គទាំងពីរខាងលើនេះ មានចំណុចដូចគ្នា និងចំណុចខុសគ្នាយ៉ាងណាខ្លះ?
មុននឹងឈានដល់ការប្រៀបធៀបលក្ខណៈសម្បតិ្តនៃតួអង្គទំាងពីរខាងលើនេះ យើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះរបស់ប្រធានជាមុនសិន។ ពាក្យ«ខ្សែជីវិត» សំដៅទៅលើដំណើរជីវិត ឬការប្រព្រឹត្តទៅក្នុងមួយជីវិតរបស់បុគ្គលម្នាក់ៗ។ ដូចនេះតាមគំនិតរបស់ប្រធានតម្រូវឱ្យធ្វើការបង្ហាញនូវលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នានៃការប្រព្រឹត្តទៅក្នុងមួយជីវិតរបស់តួអង្គហំក្នុងរឿងថៅកែចិត្តចោរ និងតួអង្គសម ក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់។
ជាការពិតណាស់ដំណើរជីវិតរបស់មនុស្សក្នុងលោកយើងនេះ តែងតែជួបប្រទះនូវក្តីសុខផង និងក្តីទុក្ខផង ដោយជៀសមិនផុតឡើយ។ ប៉ុន្តែយ៉ាងហោចណាស់ក៏បុគ្គលទាំងនោះមានខ្សែជីវិតប្រហាក់ប្រហែលគ្នា ឬស្រដៀងគ្នាដែរ។ យ៉ាងណាម៉ិញ បើយើងលើកយកដំណើរ ឬខ្សែជីវិតនៃតួអង្គហំដែលជាតួអង្គសំខាន់មួយក្នុងរឿងថៅកែចិត្តចោរ និងដំណើរ ឬខ្សែជិវិតរបស់តួអង្គសម ក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ នោះយើងពិតជាឃើញថា តួអង្គទាំងពីរមានដំណើរជីវិតដូចគ្នាច្រើនចំណុចដែរ។ មានន័យថាតួអង្គទាំងពីរនេះស្ថិតក្នុងស្ថានភាពក្រីក្រលំបាកតោកយ៉ាកដូចគ្នា គឺហំមានមុខរបរជាតៃកុងឡានឈ្នួលឱ្យថៅកែម្នាក់ពុំមានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់ក្នុងគ្រួសារ គឺហំត្រូវបើកប្រាក់ខែចាយមុនៗរាល់ខែ។ សូម្បីរកប្រាក់ឱ្យកូនរៀន ឱ្យប្រពន្ធព្យាបាលជំងឺ និងធ្វើបុណ្យក៏រកប្រាក់មិនបានផង។ ជីវភាពបែបនេះ ជាជីវភាពមួយដ៏លំបាកដែលគាត់ពុំអាចសម្រេចបំណងខ្លួនក្នុងជីវិតមួយពោរពេញទៅដោយសុភមង្គលបានឡើយ។ រីឯសមក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់វិញ ក៏លំបាកដែរចំពោះបញ្ហាជីវភាពនេះ។ ខ្លួនជាកម្មករស៊ីក្លូរកតែប្រាក់បង់ថ្លៃឈ្នួលស៊ីក្លូ ថ្លៃឈ្នួលខ្ទមក៏មិនបានផង ហើយជាហេតុនាំឱ្យអ្នកស្រីគឹម លៀង ម្ចាស់ស៊ីក្លូរឹបអូសយកស៊ីក្លូ និងតាសានម្ចាស់ខ្ទមបញ្ឈប់មិនឱ្យសម និងនាងសយស្នាក់នៅតទៅទៀតបានឡើយ។ បានសេចក្តីថា ជីវិតកម្មករទាំងពីររូបនេះសុទ្ធតែគ្មានសុភមង្គលដូចគ្នា។ មិនតែប៉ុណ្ណោះហំបានចាញ់បោកថៅកែចិត្តចោរដែលតម្រូវឱ្យគាត់បើកបុកឡានថៅកែហុងលីដោយសន្យាថាឱ្យប្រាក់មួយម៉ឺនរៀល។ ក្នុងហេតុការណ៍នេះ ថៅកែមិនត្រឹមតែមិនឱ្យប្រាក់គាត់ទេ តែថែមទាំងប្តឹងគាត់ថាពូហំមានចេតនាបុកឡាន បង្កគ្រោះថ្នាក់ដោយខ្លួនឯងទៅវិញ។ ចំណែកសមវិញក៏មានរឿងប្រហាក់ប្រហែលនឹងហំដែរ គឺត្រូវថៅកែហុកកុហកខ្លួនថានឹងឱ្យប្រាក់មួយម៉ឺនរៀលដើម្បីជាការសងជំងឺចិត្តដែលថៅកែហុកបានរំលោភនាងសយជាភរិយា។ ប៉ុន្តែសមត្រូវខកចិត្តព្រោះនេះជាល្បិចកលរបស់ថៅកែហុកដើម្បីបញ្ជៀសគ្រោះពីការព្យាយាមសងសឹករបស់សមចំពោះខ្លួនតែប៉ុណ្ណោះ។ នេះគឺជាចំណុចដូចគ្នាមួយទៀតរវាងជីវិតហំ និងជីវិតសមដែលត្រូវនាយទុនបោកប្រាស់ ហើយសុទ្ធតែត្រូវទទួលទោសចំពោះមុខច្បាប់ដូចគ្នាគឺហំត្រូវនគរបាលចាប់បញ្ជូនទៅប៉ុស្តិ៍ ហើយសមត្រូវជាប់គុកអស់រយៈពេលបីខែ។ បន្ទាប់ពីខ្លួនប្រព្រឹត្តខុសទៅនឹងច្បាប់របស់សង្គមរួចមក ហំសុខចិត្តចេញសារភាពទទួលកំហុសគឺចេះទទួលខុសត្រូវលើអំពើរបស់ខ្លួន ដូចគាត់បានបញ្ជាក់នៅចំពោះមុខក្រុមកម្មករទាំងនោះថា«...អញមិនព្រមយកលុយទៀតទេ អញសុខចិត្តឱ្យវង្សត្រកូលអញស្លាប់ចុះ ដើម្បីឱ្យសេចក្តីពិតផ្ទុះឡើង រួចទើបបានដឹងឮគ្រប់ៗគ្នា ហើយរកផ្លូវដោះស្រាយឱ្យបានឃើញ»។ តួអង្គសមវិញក៏មានសេចក្តីក្លាហានហ៊ានសារភាពដោយយកលុយ និងទ្រព្យសម្បត្តិមួយចំនួនដែលខ្លួនឆក់បានពីលោកស្រីឧកញ៉ាសម្បូរសម្បត្តិក៏យកមកប្រគល់ឱ្យម្ចាស់ដើមវិញ។ ដូចសមបានបញ្ជាក់នៅចំពោះមុខនាយម៉ីថា«បើអញ្ចឹងខ្ញុំនឹងយកទៅឱ្យម្ចាស់របស់គេវិញ»។ ចំណុចដូចគ្នានេះជាលក្ខណៈសម្បត្តិក៏ប្រសើរមួយរបស់តួអង្គទាំងពីរដែលមានមនសិការ និងការទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងដំណើរជីវិតរបស់ពួកខ្លួន។
ដោយឡែកចំពោះលក្ខណៈខុសគ្នាវិញ ក៏បានបង្ហាញឱ្យឃើញថាដំណើរជីវិតរបស់ហំមិនដូចដំណើរជីវិតរបស់សមជាច្រើនអន្លើ។ ជាក់ស្តែងក្នុងជីវិតនៃគ្រួសារហំមានកូនស្រីម្នាក់គឺមីកាទូចត្រូវចូលរៀននៅអនុវិទ្យាល័យ។ មីងយ៉ានជាប្រពន្ធកំពុងមានជំងឺ និងម្តាយគឺយាយចាន់ ចង់ធ្វើបុណ្យធ្វើទានមុនគាត់អនិច្ចកម្ម។ ដោយពួកគេរស់នៅក្នុងសម័យកាលមួយដែលប្រទេសកម្ពុជាទើបតែទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងរវាងឆ្នាំមួយពាន់ប្រាំបួនរយហាសិបបួន។ ចំពោះអាជីពរបស់គាត់វិញ គឺពូហំមានជំនាញជាអ្នកបើកបររថយន្តដែលមានអាយុពាក់កណ្តាលមនុស្សទៅហើយ តែការរកប្រាក់ចិញ្ចឹមជីវិតពិតជាមិនសូវបានល្អប្រសើរទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ហំមានមិត្តភក្តិរួមអាជីពជាច្រើន បានជួយគាំទ្រគាត់ក្នុងការទាមទារកយុត្តិធម៌ពីសំណាក់ថៅកែដែលបានកុហក និងឱ្យគាត់ប្រព្រឹត្តអំពើល្មើសច្បាប់សង្គមនោះ។ មានន័យថាអំពើដែលគាត់ប្រព្រឹត្តនោះ ជាអំពើខុសច្បាប់ក៏ពិតមែនតែបានកើតឡើងដោយសារតែថៅកែជាអ្នកបញ្ជាគាត់ឱ្យប្រព្រឹត្តតែប៉ុណ្ណោះ។ ដូចជា គង់ សុខ មាន ទ្រី ជាពិសេសគឺផានីតបានចេញមុខជួយតវ៉ាថា«មិនមែនពូហំទេ គឺថៅកែឯងជួលពូហំឱ្យប្រព្រឹត្តបទឧក្រិដ្ឋនោះ ដល់ពូហំធ្វើហើយ មិនព្រមឱ្យ១ម៉ឺនរៀលទៅគាត់ទៀត»។ នេះហើយសេចក្តីពិត។ បងចូរដឹង បង មាន សុខ បងគង់ បងទ្រី ជួយស្តាប់ ជួយឮ ថៅកែយើងជាចិត្តចោរ ចោរប្លន់តែទាំងអស់គ្នា»។ ពួកគេពិតជាស្មោះនឹងហំរហូត មិនខ្លាចថៅកែបជ្ឈប់ពីការងារនៅទៀតផង។ នៅទីបញ្ចប់នៃដំណើររឿងរបស់ពូហំមិនបានសម្រេចតាមបំណងខ្លួនទេ ព្រោះហំត្រូវនគរបាលចាប់បញ្ជូនទៅប៉ុស្តិ៍ ធ្វើឱ្យគ្រួសារគាត់ពុំមានសុភមង្គលឡើយ ព្រោះត្រូវបាត់បង់មេគ្រួសារមួយដ៏សំខាន់បំផុត។
បើគេងាកមករកខ្សែជីវិតរបស់សមក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់វិញ ប្រាកដជាបានឃើញថាជីវភាពរបស់សមមិនដូចជីវភាពរបស់ហំទេព្រោះសមមិនមានសមាជិកគ្រួសារច្រើនទេ គឺខ្លួនជាកូនកំព្រា ដោយឪពុកស្លាប់ដោយពួកបារាំងចាប់យកទៅធ្វើទារុណរហូតដល់ស្លាប់។ តាមដំណើររឿងបានបញ្ជាក់ថា«កាលពីឆ្នាំ១៩៤៩ សួន សុខ គឺឪពុករបស់សួន សម ដោយត្រូវគេចោទថាចូលដៃជាមួយនឹងពួកឥស្សរៈ ពួកទាហានបារាមងចាប់ចងយកទៅធ្វើទារុណកម្ម...ហើយក៏ត្រូវស្លាប់បាត់បង់ជីវិតនៅទីនោះ...»។ ចំពោះម្តាយសមវិញក៏បានស្លាប់ដោយសារតែជំងឺអាសន្នរោគ ធ្វើឱ្យសមកំព្រាទាំងឪពុក ទាំងម្តាយ។ បើនិយាយពីចំណេះវិញ សមបានសិក្សាត្រឹមកម្រិតថ្នាក់ឧត្តមដ្ឋានព្រោះខ្លួនត្រូវបញ្ឈប់ការសិក្សាដើម្បីមកជួយធ្វើស្រែចម្ការម្តាយក្រោយពីឪពុកខ្លួនស្លាប់ទៅ។ តែក្រោយមកសមក៏ទទួលនារីដែលជាស្រីបម្រើក្នុងគេហដ្ឋានរបស់ធនបតីម្នាក់ នោះគឺនាងសយធ្វើជាប្រពន្ធ។ ប៉ុន្តែក្រោយមក នាងក៏ត្រូវស្លាប់ទៀត ព្រោះឆ្លងទន្លេមិនរួច ដែលធ្វើឱ្យសមកាន់តែឯកោរ ទុរគត។ ទន្ទឹមនឹងនេះ បើនិយាយពីជំនាញរបស់សមវិញ ឃើញថា សមមានជំនាញខាងវិស័យកសិកម្មគឺជាកសិករនៅឃុំបវិល ខេត្តបាត់ដំបង ប៉ុន្តែដោយសារតែអសន្តិសុខដែលនាំឱ្យសមត្រូវភៀសខ្លួនមកភ្នំពេញ ប្រកបរបររត់ស៊ីក្លូទៅវិញ។ ចំពោះទំនាក់ទំនងក្នុងសហគមន៍វិញ សមពុំសូវមានមិត្តភក្តិច្រើនជួយគាំទ្រនូវអំពើរបស់ខ្លួនក្នុងការទាមទារយុត្តិធម៌ទេ គឺមានតែនាយម៉ី និងនាងមុំប៉ុណ្ណោះ។ អ្វីៗសមជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។ ដូចជាករណីសមយកលុយ និងទ្រព្យទៅឱ្យលោកឧកញ៉ាសម្បូរសម្បត្តិនោះវិញ ពុំមានអ្នកណាចូលរួមជួយការពារនូវកំហុសខ្លួនទេក្នុងពេលសារភាព។ ម្ចាស់ទ្រព្យមិនត្រឹមតែមិនអរគុណ ឬមួយយកគុណទៅសងទោសវិញនោះទេ តែបែរជាចាប់បញ្ជូនសមទៅតុលាការដែលធ្វើឱ្យជីវិតសមគ្មានន័យ គឺត្រូវជាប់គុកចំនួនប្រាំមួយខែទៀតផង។ ប៉ុន្តែទីបំផុតនៃដំណើរជីវិតរបស់សមក៏ប្រែជាមានជីវភាពល្អប្រសើរ មានសុភមង្គល និងជោគវាសនាល្អ ហើយបានក្លាយទៅជាកសិករគំរូ ព្រមទាំងត្រូវបានប្រជារាស្ត្រជ្រើសរើសជាគណៈកម្មការកងឃុំសង្គមរាស្ត្រនិយម ឬជាមេឃុំនៅភូមិឃុំខ្លួន។ លើសពីនេះទៅទៀត សមមានកិត្តិយសបានចូលរួមសមាជជាតិលើកទីប្រាំបួននៅភ្នំពេញទៀតផង។
ដូចនេះខ្សែជីវិតរបស់តួអង្គហំក្នុងរឿងថៅកែចិត្តចោរ និងខ្សែជីវិតរបស់តួអង្គសម ក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដំណើរជីវិតមិនដូចគ្នាទេ តែមានបំណងប្រាថ្នាតែមួយដូចគ្នាគឺចង់ស្វែងរកសុភមង្គលជូនដល់ក្រុមគ្រួសារដូចគ្នា។
ឆ្លងតាមការប្រៀបធៀបដូចខាងលើនេះ បានបង្ហាញឱ្យឃើញថា ខ្សែជីវិតរបស់តួអង្គហំក្នុងរឿងថៅកែចិត្តចោរ និងខ្សែជីវិតរបស់តួអង្គសម ក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ទោះបីមានលក្ខណៈដូចគ្នាផង និងមិនដូចគ្នាផង តែខ្សែជីវិតតួអង្គសមប្រសើរជាងខ្សែជីវិតតួអង្គហំ។ ដោយហេតុថានៅទីបំផុតនៃខ្សែជីវិតរបស់តួអង្គសមទទួលបានជោគជ័យក្នុងជីវិតគឺមានកិត្តិយស និងមានសុភមង្គល។ ដូចនេះ ក្នុងនាមជាអ្នកសិក្សា យើងគប្បីចេះពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយនោះទើបខ្សែជីវិតយើងនឹងមានខ្លឹមសារជីវិតពិតប្រាកដ និងប្រកបដោយភាពសុខដុមរមនាតរៀងទៅ៕
0 Comments