Header Ads Widget

ចៅចិត្រជាតួអង្គឯកក្នុងរឿងកុលាបប៉ៃលិន ។ តើចៅចិត្រមានគុណសម្បត្តិអ្វីខ្លះ សម្រាប់ យុវជនយើងយកតម្រាប់តាម ? ចូរពន្យល់និងលើកឧទាហរណ៍មកបញ្ជាក់ ។

សេចក្តីអធិប្បាយ 

    អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមដែលបានលើកបញ្ហារបស់មនុស្សមកចោទ និងដោះស្រាយតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ ទោះបីជាអ្នកនិពន្ធលើកយកតួអង្គ ទេវៈ សត្វ រុក្ខជាតិ តួអង្គឯក តួអង្គរង រំឭកក្តី ហើយតួអង្គទាំងនេះសុទ្ធតែបង្ហាញពីរឿងរ៉ាវមនុស្សទាំងអស់។ ប៉ុន្តែក្នុងចំណោមតួអង្គខាងលើនេះ គេឃើញតួអង្គឯកមានគុណសម្បត្តិច្រើនជាងគេ ព្រោះមានសកម្មភាពច្រើនបានធ្វើនូវអំពើល្អ មានសីលធម៌ គុណធម៌ សមត្ថភាពពិសេស ទាំងផ្លូវ កាយទាំងផ្លូវចិត្ត  ប្រសើរក្រៃលែងធ្វើឲ្យអ្នកអាន អ្នកទស្សនា មហាជន មានជំនក់ចិត្តយកតម្រាប់តាមគ្រប់ៗគ្នា។ ដោយបានមើលឃើញពីតម្លៃរបស់តួអង្គឯកបែបនេះហើយទើបមានមតិមួយលើកឡើងថា “ចៅចិត្រជាតួអង្គឯកក្នុងរឿងកុលាបប៉ៃលិន “ ។

    តើចៅចិត្រមានគុណសម្បត្តិអ្វីខ្លះ ដល់យុវជនជំនាន់ក្រោយ?

    ដើម្បីជាជំនួយឈានដល់ការបកស្រាយប្រធានខាងលើឲ្យកាន់តែមានន័យស៊ីជម្រៅ ច្បាស់លាស់ យើងត្រូវស្វែងយល់អត្ថន័យនៃពាក្យ «តួអង្គឯក» និង «គុណសម្បត្តិ»ជាមុនសិន។ពាក្យ «តួអង្គឯក» មានន័យថាតួអង្គសំខាន់ជាងគេ ហើយមានសកម្មភាពវិជ្ជមាននៅក្នុងរឿង។ ចំណែកពាក្យ «គុណសម្បត្តិ» សំដៅលើលក្ខណៈល្អប្រសើរ រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ។ ដូចនេះ ប្រធានមានន័យថា ចៅចិត្រជាតួអង្គសំខាន់ជាងគេក្នុងរឿង មានសកម្មភាពវិជ្ជមានប្រកបដោយលក្ខណៈល្អប្រពៃ សម្រាប់យុវជនយកតម្រាប់តាមពិតមែន។

    ជាការពិតណាស់ មនុស្សយើងដែលរស់នៅក្នុងសង្គមតែងតែត្រូវការ សេចក្តីសុខសុភ មង្គលកិត្តិយសថ្លៃថ្នូររុងរឿងក្នុងជីវិត។ ជាធម្មតាដើម្បីបានសម្រេចនៅបំណងខាងលើនេះ ទាល់តែមនុស្សគ្រប់រូបមានសម្បត្តិបួនប្រការ គឺរូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងទ្រព្យសម្បត្តិ ប៉ុន្តែសម្បត្តិទាំងបួនខាងលើនេះគេតែងឃើញថាមានបុគ្គលខ្លះ មានល្អគ្រប់ចំណុច ខ្លះទៀតមិនទាន់មានគ្រប់ចំណុចនៅឡើយ។ ផ្អែកតាមដំណើររឿងកុលាបប៉ៃលិននិពន្ធដោយលោក ញ៉ុក ថែម យើងឃើញថាចៅចិត្រជាតួអង្គឯកនៅក្នុងរឿងមានលក្ខណៈសម្បត្តិ គុណសម្បត្តិដូចជា ទីមួយចិត្រមានរូបសម្បត្តិ សុខភាពល្អ កម្លាំងមាំមួន ទោះបីជាចៅចិត្រស្តម ប៉ុន្តែគេមានកម្លាំងមាំមួនអាចធ្វើការងារជាកម្មករជីកត្បូង បានដូចមនុស្សដទៃទៀតបាន «មនុស្សដទៃទៀតគេទ្រាំធ្វើ ការបានយ៉ាងណា ឯខ្ញុំបាទគង់តែធ្វើបានដូចគេដែរ... ទានប្រោសមនុស្សដែលកើតមកក្នុងលោកសន្និវាសយើងនេះ មិនប្រកាន់ការស្រាលៗស្រួលៗទេ ខ្ញុំបាទមិនដែលគិតដូច្នេះទេ កាលបើខ្ញុំ បាទមានកម្លាំង ខ្ញុំបាទនិងខិតខំធ្វើការដរាបនោះ ទោះបីធ្ងន់ក្តីស្រាលក្តី»។ សម្ដីនេះបានសេចក្តី ថាចៅចិត្រជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់ អាចបំពេញការងារផ្សេងៗទៀតបាន។ លើសពីនេះទៀតចិត្រមានចរិយាសម្បត្តិស្លូតបូត សុភាពរាបសារគួរឲ្យស្រលាញ់ ចូលចិត្តរាប់អានក្រុមកម្មករ ជាពិសេសចៅហ្វាយនាយលោកហ្លួងរតនៈសម្បត្តិតែម្តង ដែលលោកពេញចិត្តពីអាការៈ របស់ចៅចិត្រ តាំងពីថ្ងៃបានឃើញពីដំបូងមកម៉្លេះ។ជាងនេះទៅទៀត ចៅចិត្តជាមនុស្សចេះតស៊ូ ព្យាយាមអត់ធន់ចំពោះការងារជាកម្មករជីកត្បូងនៅជាមួយលោកហ្លួងរតនៈនៅបរប៉ៃលិន។ ទោះបីជាទីកន្លែងនោះ គេមិនធ្លាប់រស់នៅពីកំណើតក៏ដោយ ក៏ចៅចិត្រចេះតស៊ូជាមួយការងារ មិនថាធ្វើនៅក្រោមកំដៅថ្ងៃ ភ្លៀងផ្គរ យុវជនកម្លោះរូបនេះមិនដែលត្អូញត្អែឡើយ ចិត្រធ្វើការងារ ក្នុងពីជាកម្មករសាមញ្ញ រហូតដល់ក្លាយជាអ្នកកាន់កាប់បញ្ជីត្បូង ជំនួសលោកហ្លួងរតនៈទៀតផង។ លើសពីនេះ ចៅចិត្រជាមនុស្សមានភាពស្មោះត្រង់ជាមួយចៅហ្វាយនាយប្រកបការងារ សុចរិតទៀងត្រង់ចំពោះការងារ មិនក្លែងបន្លំចង់បានទ្រព្យរបស់ចៅហ្វាយនាយ ធ្វើជាទ្រព្យ សម្បត្តិផ្ទាល់ខ្លួនឡើយ។   ជាពិសេសសេចក្តីស្មោះត្រង់របស់ចៅចិត្រ និងភាពក្លាហានហ៊ាន ប្រឆាំងតបតជាមួយក្រុមចោរប្លន់នៅក្នុងព្រៃ និងពួកក្រុមចោរចូលមកប្លន់ ដឹកនាំដោយលោកបាឡាត់ស្រុកកាន់តែធ្វើឲ្យឃុននារីស្រលាញ់ចិត្រកាន់តែខ្លាំងឡើងៗ។ មិនត្រឹមតែប៉ុណ្ណោះទេ ចៅចិត្រជាកូនកត្តញ្ញូ ស្តាប់តាមដំបូន្មានរបស់តាចឹមជាឪពុកជានិច្ច កាន់យកនូវធម៌ អត្តាហិ អត្ត នោនាថោ មានន័យខ្លួនទីពឹងខ្លួន មិនដែលភ្លេចសោះឡើយ។ ចំពោះការរស់នៅជាមួយអ្នកដទៃ ចៅចិត្រមានអធ្យាស្រ័យល្អជាមួយអ្នកដ៏ទៃ ចេះជួយយកអសារអ្នកជិតខាងជួយបើករថយន្ត  ជំនួសតាសុនជូនលោក ហ្លួងរតនៈទៅស្រុកសង្កែ ដើម្បីទុកឲ្យតាសុនបានទៅសួរសុខទុក្ខប្រពន្ធ របស់គាត់។ ម៉្យាងទៀតចៅចិត្រមានវិជ្ជាសម្បត្តិ ទោះបីជាគ្រួសារមានជីវភាពក្រីក្រយ៉ាងណាក៏ ដោយចិត្រតស៊ូរៀនសូត្ររហូត មានប្រកាសនីយប័ត្រ ចេះគិតគួរពិចារណាបានវែងឆ្ងាយ ចេះបើកឡាន ចេះជួសជុលឡាន និងចេះដឹកនាំកាន់កាប់គ្រប់គ្រងពួកកម្មករ និងកាន់កាប់បញ្ជីត្បូង បានល្អត្រឹមត្រូវថែមទៀតផង។

    សរុបសេចក្តីមកឃើញថាចៅចិត្រមានលក្ខណៈសម្បត្តិយ៉ាងច្រើន មានរូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ មានតម្លៃអាចឲ្យយុវជនយកតម្រាប់តាម។

    តាមការបកស្រាយប្រធានខាងលើ មានអត្ថន័យល្អសម្រាប់អប់រំយុវជនទាំងឡាយ ចេះរស់ នៅដោយខ្លួនឯង ដោយមិនពឹងពាក់លើអ្នកដទៃ ចេះស្រឡាញ់គ្នា ចេះយកអាសារគ្នា។ ក្នុងនាម យើងជាយុវជនគ្រប់រូប   គប្បីធ្វើខ្លួនឲ្យមានលក្ខណៈសម្បត្តិល្អដូចចៅចិត្រដែរ។


បញ្ចេញមតិ

0 Comments