Header Ads Widget

ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ពិស្តារ) ជំពូកទី២-ប្រទេសកម្ពុជាមុនសម័យអង្គរ(ត)

 ៣. អរិយធម៌សម័យ ហ្វូ ណន 

ក្រោយពីត្រកូលព្រាហ្មណ៍កោណ្ឌញ្ញចូលលុកលុយ និងសោយរាជ្យលើនគរភ្នំមកទំនៀមទំលាប់ប្រពៃណីបែបឥណ្ឌាក៏បានជ្រាបចូលទៅក្នុងសង្គមអ្នកនគរភ្នំ។ 

ទំនៀមទំលាប់

ចាប់តាំងពីសតវត្សទី៣ មក អ្នកនគរភ្នំបានចេះស្លៀកពាក់ ដែលពីមុនមក គេចេះត្រឹមវ័ណ្ឌសំពត់តែប៉ុននោះ។

ដើម្បីរកយុត្តិធម៌ គេពឹងផ្អែកលើអាទិទេព ដូចជាការស្បថជាដើម។ កាលណាមានមនុស្សស្លាប់ គេយកសពទៅកប់ ឬចោលក្នុងទឹក ឬបូជា ឬដាក់ចោល ឱ្យសត្វស៊ី ។ 

សាសនា

ព្រះរាជវង្សានុវង្ស និងនាម៉ឺនមន្ត្រីកាន់ព្រហ្មញ្ញសាសនា ដោយគោរព ព្រះវិស្ណុ និងព្រះសិវៈ។ ចំណែកប្រជារាស្ត្រតូចតាចច្រើនគោរពពុទ្ធសាសនាមហាយាន។

សង្គម

តាមរបៀបឥណ្ឌាសង្គមមនុស្សចែកជាបួនវណ្ណៈ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈខត្តិយៈ វណ្ណៈវេស្សៈ និងវណ្ណៈសូទ្រៈ។ ប៉ុន្តែដោយឥទ្ធិពលនៃព្រះពុទ្ធសាសនា ការបែងចែកវណ្ណៈនៅក្នុងសង្គមនគរភ្នំ ពុំសូវមានភាពតឹងតែង និងដាច់ណាត់ទេ។

សេដ្ឋកិច្ច

ដោយគេចេះធ្វើឧបករណ៍ប្រើប្រាស់ពីដែក និងលង្ហិន និងដោយមនុស្សមានចំនួនកាន់តែកើនឡើង កសិកម្ម និងសិប្បកម្មក៏មានការលូតលាស់ជាបន្តបន្ទាប់ដែរ។ គេចេះត្បាញសំពត់ចេះធ្វើគ្រឿងអលង្កាដ៏ល្អៗ ដែលអាចនាំចេញទៅ លក់នៅឯបរទេសទៀតផង។ នៅសម័យនោះ នគរភ្នំមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ឥណ្ឌា ចំប៉ា និងជ្វា។ 

របបគ្រប់គ្រង

ព្រះរាជាមានអំណាចទូលំទូលាយណាស់ ហើយបើទ្រង់សម្រេចអ្វីៗ គ្មាននរណាជំទាស់បានឡើយ។ ព្រះអង្គមានសេវកាមាត្យ ជាព្រះរាជបរិវារចាំការពារព្រះអង្គ។ ចំនែកមន្ត្រីជាន់ខ្ពស់ទាំងឡាយមានតួនាទីជារាជរដ្ឋាភិបាល។ ក្រៅពីមន្ត្រីតូចធំ នៅមានកងទាហានជាច្រើនទៀត សម្រាប់ការពារទឹកដី ។

រាជាណាចក្រភ្នំ ឬហ្វូណន មានរដ្ឋចំណុះជាច្រើន ហើយដែលត្រូវ ព្រះរាជានៃរាជាណាចក្រភ្នំគ្រប់គ្រងតាមរបបសក្តិភូមិ។ អាស្រ័យហេតុនេះហើយ បានជានៅពេលណាមានការរំជើបរំជួលក្នុងផ្ទៃនៃរាជវង្សហ្វូណន នគរចំណុះតែងតែបះក្រោកឡើងដណ្តើមយកឯករាជ្យភាពរៀងៗខ្លួន។

៤. នគរចេនឡាវាតទីទៅលើនគរភ្នំ

ប្រវត្តិនគរចេនឡា

ពាក្យចេនឡា ក៏ដូចជាពាក្យ ហ្វូណន ដែរ គឺជាពាក្យដែលចិនអានមិនច្បាស់ ។ នគរចេនឡាស្ថិតនៅត្រង់ភាគខាងត្បូងនៃប្រទេសឡាវសព្វថ្ងៃនេះ។ អ្នកនគរចេនឡាមានជំនឿថាពួកគេកើតឡើងពីតាបសមួយអង្គព្រះនាម កម្ពុ និងទេពអប្សរមេរា ។

គេពុំបានដឹងថានគរចេនឡា កកើតឡើងនៅពេលណា ហើយព្រះមហាក្សត្រដែលសោយរាជ្យនេះទ្រង់ព្រះនាមអ្វីទេ គឺគេគ្រាន់តែដឹងថា នគរចេនឡាជា នគរចំណុះនគរភ្នំ ហើយដែលត្រូវនាំសួយសារអាករទៅថ្វាយព្រះរាជានគរភ្នំជារៀងរាល់ឆ្នាំ។ 

នគរចេនឡាវាតទីទៅលើនគរភ្នំ

ក្នុងឱកាសដែលនគរភ្នំមានការបែកបាក់គ្នាក្នុងការគ្រប់គ្រងរាជ្យ នគរ ចេនឡាក៏ប៉ះក្រោកឡើងប្រឆាំងនឹងនគរភ្នំ។ ចាប់ពីពេលនោះមកទើបគេ បានដឹងពីព្រះរាជាដែលសោយរាជ្យនៅនគរចេនឡា ។

ក្នុងឆ្នាំ ៥៥០ នៃគ.ស ព្រះរាជាចេនឡាព្រះនាមភវរ្ម័នទី១ និងព្រះអនុជ ព្រះនាម ចិត្រសេន បានលើកទ័ពទៅវាយនគរភ្នំ ហើយដណ្តើមគ្រប់គ្រងនគរភ្នំ រហូតដល់ទំនាបទន្លេមេគង្គ។

ព្រះមហាក្សត្រចេនឡាដែលសោយរាជ្យបន្តបន្ទាប់មក សុទ្ធតែជាព្រះមហាក្សត្រខ្លាំងពូកែ បន្តធ្វើសង្គ្រាមពង្វាតទីទៅលើនគរភ្នំ។ ក្នុងរាជ្យព្រះបាទឦសាណវរ្ម័ន (៦១៥ - ៦៣៥ ) នគរចេនឡាបានគ្រប់គ្រងលើនគរភ្នំទាំងមូល ។

ក្រោយពីព្រះបាទឦសាណវរ្ម័នសុគតទៅ ភាពវឹកវរដណ្តើមរាជ្យក៏កើតមានឡើងតែទីបំផុតមានស្តេចមួយអង្គ ព្រះនាមភវរ្ម័នទី២ ទ្រង់បានបង្ក្រាបភាព វឹកវរនេះអោយមានរបៀបរៀបរយឡើងវិញ ហើយព្រះអង្គក៏ទ្រង់ឡើងគ្រងរាជ្យសម្បត្តិប្រកបដោយសុខសាន្ត ពីគ.ស ១៣៩ ដល់ ៦ ៥ ៤ ។ ចាប់

ក្រោយពីព្រះបាទភវរ្ម័នទី២ ទ្រង់ចូលទីវង្គតទៅ ព្រះរាជបុត្រព្រះនាម ជ័យវរ្ម័នទី ១ (៦៥៥ - ៦៨១) ទ្រង់ឡើងសោយរាជ្យបន្ត ដោយគ្រប់គ្រងលើនគរភ្នំទាំងមូល។ ចាប់ពីពេលនោះមក នគរភ្នំត្រូវបាត់ឈ្មោះ ហើយអ្នកកត់ត្រាប្រវត្តិសាស្ត្របានដាក់ឈ្មោះថា " ចេនឡារូបរួម "វិញ ។


(ដកស្រង់ពីសៀវភៅប្រវត្តិវិទ្យាសម្រាប់បឋមសិក្សាបោះពុម្ពផ្សាយឆ្នាំ១៩៩៤របស់ក្រសួងអប់រំ)


បញ្ចេញមតិ

0 Comments