Header Ads Widget

ប្រធាន៖ តាមរយៈរឿងរាមកេរ្តិ៍មានមតិមួយយល់ថា៖ “ព្រះរាមជាមនុស្ស”។ ឯមតិមួយទៀតយល់ថា “ព្រះរាមជាអទិទេព”។ ចូរពិភាក្សា ដោយផ្អែកលើការបង្ហាញលក្ខណៈព្រះរាមរបស់អ្នកនិពន្ធ។

សេចក្តីអធិប្បាយ 

    រឿងរាមកេរ្តិ៍ ជាវណ្ណកម្មដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រអក្សរសិល្ប៍កម្ពុជា និងជាស្នាដៃវីរកថាដ៏ល្អប្រណីតដែលដូនតាខ្មែរយើងបានកែច្នៃពីរឿងរាមាយណរបស់ឥណ្ឌាច្នៃឱ្យមកជារបស់ខ្មែរ ហើយបានចាក់ឫសគល់យ៉ាងជ្រៅទៅក្នុងខឿនវប្បធម៌សង្គមជាតិខ្មែរក្លាយជាអត្តសញ្ញាណជាតិខ្មែរ និងបានឆ្លុះបញ្ចាំងឱ្យឃើញសព្វទិដ្ឋភាពនៃជាទេវនិយមរបស់តួអង្គព្រះរាម និងភាពជាមនុស្សនិយមរបស់ព្រះរាមតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ។ ដោយយល់ជុំវិញបញ្ហានេះហើយ ទើបមានមតិមួយយល់ថា៖ “ព្រះរាមជាមនុស្ស” ឯមតិមួយទៀតយល់ថា៖ “ព្រះរាមជាអទិទេព”។

    តើមតិទាំងពីរខាងលើនេះមួយណាសមហេតុសមផលជាង?

ដើម្បីជាទុនដល់ការពិចារណាលើមតិប្រធានទាំងពីរខាងលើឱ្យមានភាពសុក្រិត និងមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់នោះជាដំបូងយើងគួរគប្បីយល់ន័យនៃពាក្យគន្លឹះ និងខ្លឹមសារប្រធានជាមុនសិន។ ពាក្យថា “អទិទេព” មានន័យថា ជាសភាវៈដែលមានលក្ខណៈខុសប្លែកពីមនុស្សធម្មតា និងមានលក្ខណៈអស្ចារ្យដែលមនុស្សធម្មតាមិនអាចធ្វើបាន។ តាមអត្ថន័យប្រធាន នេះ មតិទីមួយចង់បានន័យថាព្រះរាមគ្រាន់តែជាមនុស្សសាមញ្ញធម្មតាតែប៉ុណ្ណោះ ហើយមតិទី ពីរព្រះរាមជាបុគ្គលអស្ចារ្យ ជាតួអង្គអទិទេពមកចាប់កំណើតដើម្បីជួយមនុស្សលោក។

    ជាការពិតណាស់ថា ព្រះរាមគ្រាន់តែជាតួអង្គដូចមនុស្សសាមញ្ញធម្មតាដែរ រាល់សកម្មភាពរបស់ព្រះរាមគឺស្របនឹងលក្ខណៈមនុស្សនិយម អ្នកនិពន្ធពុំបានទ្រទ្រង់លើកតម្កើងព្រះរាមជាតួអង្គអទិទេពនោះទេ គឺព្រះរាមបានប្រព្រឹត្តទង្វើខុសឆ្គងដូចមនុស្សធម្មតាដែរ។ ព្រះរាមមានលក្ខ ណៈជាមនុស្សសុទ្ធសាធព្រោះមានពេលខ្លះ ព្រះរាមចេះកើតទុក្ខ ចេះទួញយំ សោកសង្រេង និងចេះប្រចណ្ឌប្រពន្ធជាដើម។ ជាក់ស្តែង នៅក្នុងការធ្វើសឹកសង្គ្រាមដើម្បីយកនាងសីតាមកវិញ ព្រះរាមបានបាត់បង់ស្មារតី មនុស្សធម៌ ដោយគំនិតព្រះអង្គបានបាញ់ឆ្ពោះត្រង់ទៅរកនាងសីតាតែម្នាក់បានបញ្ជាក់ឱ្យឃើញគត់ ហើយធ្វើសង្គ្រាមព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះរាមបានចងកំហឹងជាមនុស្សក្រុងរាពណ៍ ជាស្តេចនៃនគរលង្កា ដែលបានដណ្តើមយកនាងសីតាជាមហេសីរបស់ខ្លួន ព្រះរាមបានដឹកនាំកង ទ័ពស្វាជាច្រើនទៅច្បាំងជាមួយទ័ពក្រុងរាពណ៍រហូតធ្វើឱ្យស្លាប់ទ័ពស្វាអស់ជាច្រើន។ យោងតាម ហេតុផលនេះហើយអាចបញ្ជាក់បានថា ព្រះរាមបានបាត់បង់តម្លៃជាច្រើន ព្រោះខ្លួនបានបង្កជាកំហុសធំៗ ធ្វើសម្រាប់តែផលប្រយោជន៍ខ្លួនឯងតែម្នាក់គត់ដោយមិនបានខ្វល់ពីសុខទុក្ខរបស់អ្នកដទៃ ដើម្បីតែស្រីម្នាក់ដែលខ្លួនស្រឡាញ់ហើយត្រូវយកមនុស្សជាច្រើនស្លាប់ជំនួសខ្លួន។ ជាងនេះ ទៅទៀតនោះ ព្រះរាម ជាមនុស្សប្រុសទន់ខ្សោយបំផុត ចេះប្រចណ្ឌប្រពន្ធ ហើយថែមទាំងបាន ចោទនាងសីតាជាប្រពន្ធថា គ្មានភក្តីភាពនឹងព្រះអង្គ គឺនៅពេលដែលព្រះរាមបានរកឃើញរូបគំនូរ ក្រុងរាពណ៍នៅលើក្តារឈ្នួនដែលនាងសីតាបានលាក់ក្រោមខ្នើយដេក ព្រោះតែការចាញ់បោកនាងសូបនខារហូតធ្វើឱ្យមានកំហឹងបញ្ហាឱ្យព្រះលក្សណ៍ជាប្អូនយកនាងសីតាទៅសម្លាប់ចោលទាំងយប់ផងដែរ។ ត្រង់នេះហើយដែលបញ្ជាក់ថា ព្រះរាមគ្មានការត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ កាត់ក្តីដោយគ្មានមូលដ្ឋានច្បាស់លាស់ បាត់បង់សតិ និងសម្បជញ្ញៈនៅក្នុងខ្លួន ហ៊ានឱ្យគេយក ប្រពន្ធខ្លួនឯងទៅសម្លាប់ចោលដោយគ្មានការពិចារណាទាល់តែសោះ។ ប្រការនេះហើយ ដែលធ្វើ ឱ្យនាងសីតាលែងអាល័យនឹងព្រះរាមជាស្វាមីរបស់ខ្លួន រហូតដល់ធ្វើឱ្យនាងបានប្តេជ្ញាក្នុងចិត្តនៅនឹងមុខរាមលក្សណ៍ និងជប្បលក្សណ៍បុត្រថាទាល់តែព្រះរាមសុគតទើបព្រះនាងយាងត្រឡប់ ចូលព្រះនគរវិញ។ លុះពេលដឹងថា ខ្លួនឯងបានសាងកំហុស ព្រះរាមបានរិះរកមធ្យោបាយដើម្បីឱ្យនាងសីតាបានត្រឡប់ចូលព្រះនគរវិញ ពេលមិនបានសម្រេចបែរជាយំសោកអាឡោះអាល័យ ក្លាយជាមនុស្សប្រុសដែលទន់ខ្សោយជាទីបំផុត ហើយក៏រិះរកមធ្យោបាយផ្សេងទៀតគឺធ្វើពុតជាសុគតដោយចូលក្នុងកោដ្ឋដើម្បីបោកបញ្ឆោតនាងសីតា និងបានឱ្យប្រជារាស្រ្តធ្វើជាកាន់ទុក្ខសពព្រះអង្គ។ នេះបានបង្ហាញពីទង្វើដ៏ថោកទាបរបស់ព្រះរាមដែលជាមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរអាយុធ្យាបែរជាធ្វើរឿងដ៏កំសាកបែបនេះ ដែលបានធ្វើឱ្យនាងសីតា បន្ទោសថាព្រះអង្គពុំគួរប្រព្រឹត្តអំពើដ៏គួរឱ្យខ្មាសអៀននេះទេ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងដំណើររឿងបានបង្ហាញពីគុណវិបត្តិរបស់ព្រះរាមជាច្រើនដែលសុទ្ធសឹងតែជាលក្ខណៈរបស់មនុស្សដូចជាមានចិត្ត កំសាកញី ពឹងតែកម្លាំងរបស់ហនុមាន ប្រើហនុមានទៅស៊ើបការណ៍ ប្រើឱ្យទៅរកថ្នាំ លបបាញ់ ពាលីពីក្រោយខ្នង ថែមទាំងបានទៅខ្ចីអាវព្រះនរាយណ៍មកពាក់សម្តែងឱ្យមហាជម្ពូខ្លាចទៀតផង ដែលនេះជាទង្វើដ៏អាក្រក់បំផុតរបស់ព្រះរាម មិនសមមានលក្ខណៈជាអទិទេពនោះទេ។

    សរុបសេចក្តីមក រាល់សកម្មភាពរបស់ព្រះរាមមានបញ្ហាក្នុងសភាពរស់នៅ និងមានវិធីដោះ ស្រាយបញ្ហាដូចជាមនុស្សធម្មតាដែរ។

    តើព្រះរាម ជាមនុស្សធម្មតាដូចដែលយើងបានរៀបរាប់មកខាងលើនោះមែនដែរឬទេ?

ផ្ទុយមកវិញ បើយើងត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ទៅទៀតនោះ ពួកមនោនិយម ពិសេសពួកទេវនិយមដែលគោរពលទ្ធិព្រះវិណ្ណយល់ថាព្រះរាមជានរាយណ៍អវតាយ៉ាងពិតប្រាកដមែន ត្បិតអីយើងសម្អាងទៅលើទេវបញ្ហា និងទេវវិធីដែលបានស្តែងឡើងតាមរយៈសាច់រឿងទាំងមូលរបស់តួអង្គព្រះរាម និងស្ថានភាពដែលព្រះរាមបានជួបប្រទះ។ ជាក់ស្តែងដូចដែលយើងបានឃើញក្នុងដំណើររឿងគឺនៅពេលដែលព្រះរាមធ្វើដំណើរចូលទៅក្នុងព្រៃ ព្រៃព្រឹក្សាដែល ស្វិតក្រៀមស្រពោន បានក្លាយទៅជាមានសម្រស់ស្រស់បំព្រងឡើងវិញ ហើយសត្វដែលធ្លាប់តែកាចសាហាវប្រែក្លាយមកជាសត្វស្លូតបូតវិញដែរ។ ព្រះរាមជាមនុស្សដែលមានសិល្ប៍សាស្ត្រខ្លាំងពូកែអស្ចារ្យគ្មានគូមកប្រៀបផ្ទឹមបានឡើយ។តួយ៉ាង នៅពេលដែលព្រះបិតាព្រះនាងសីតាគឺ ព្រះបាទជនក ប្រារព្ធកម្មវិធីលើកធ្នូសជ្រើសរើសកូនប្រសានោះគ្មានស្ដេចអង្គណាអាចមកលើកធ្នូសនោះបានឡើយ មានតែព្រះរាមម្នាក់គត់ដែលអាចលើកធ្នូសនេះរួច ដោយកម្លាំងដ៏មហាសាល ជាងនរណាទាំងអស់ នេះបង្ហាញឱ្យឃើញពីឫទ្ធានុភាពរបស់ព្រះរាមដែលមនុស្សធម្មតាមិនអាចធ្វើ បានដូចព្រះអង្គឡើយ។ លើសពីនេះទៅទៀត ព្រះរាមជាតួអង្គដែលមានភាពអច្ឆរិយៈ ព្រោះព្រះរាមធ្វើដំណើរទៅកាន់ទីណាក៏មានអ្នករត់មកចុះចូលសុំធ្វើខ្លួនជាកូនចៅជានិច្ច។ ព្រះរាមមាន អំណាចខ្លាំងក្លាណាស់ដែលអាចឱ្យអ្នកដទៃគេគោរពកោតខ្លាចបាន។ ជាទឡ្ហីករណ៍ នៅពេលដែលព្រះអង្គធ្វើដំណើរតាមរកនាងសីតាព្រះអង្គទទួលបានហនុមានមកធ្វើជាកូនចៅ និងបានចង សម្ព័ន្ធមិត្តជាមួយសុគ្រីពទៀតផង ពិសេសទៅទៀតនោះសូម្បីតែពិភេគដែលជាកូនចៅរបស់ក្រុងរាពណ៍ក៏សុំមកចុះចូលជាមួយព្រះរាមដែរ ហើយបានជួយជ្រោមជ្រែងព្រះរាមក្នុងការធ្វើសឹកសង្គ្រាមយកឈ្នះក្រុងរាពណ៍។ អ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរទៀតនោះ ព្រះរាមជាបុគ្គលដែលគោរពពាក្យសត្យមិនប្រែក្រឡាស់ឡើយនៅពេលដែលព្រះបិតាបានធ្វើតាមការសន្យារបស់នាងកៃកេសី គឺនិរទេសព្រះរាមឱ្យទៅរស់នៅក្នុងព្រៃរយៈកាលដប់បួនឆ្នាំ ព្រះរាមក៏បានធ្វើតាមព្រះទ័យព្រះបិតាទ្រង់ដោយមានទឹកចិត្តកតញ្ញូដ៏ស្មោះស្ម័គ្រជាទីបំផុត។ មួយវិញទៀត ព្រះរាមមានសកម្មភាពយ៉ាងអង់អាចក្លាហានក្នុងការវាយបង្ក្រាបពួកអសុរ បិសាច យក្សដែលជាសភាវៈអាក្រក់ដែលដើរធ្វើបាបអ្នកដទៃឱ្យអស់គ្មានសល់ឡើយ។ អំណះអំណាងទាំងនេះហើយ ដែលជាចំណុចបានបញ្ជាក់យ៉ាងច្បាស់នូវទេវភាពរបស់ព្រះរាមដែលមានលក្ខណៈជាអទិទេព និងមាន លក្ខណៈជាអវតារព្រះវិស្ណុមកចាប់កំណើតដើម្បីបំផ្លាញសភាវៈអាក្រក់។ មិនតែប៉ុណ្ណោះទៀតសោត ថែមទាំងបានបង្ហាញនូវទេវវិធីដែលគ្មានមនុស្ស សត្វ ឬទេវៈណាដែលអាចយកឈ្នះលើព្រះអង្គបាននោះទេ ត្បិតអីព្រះអង្គជាបុគ្គលខ្ពង់ខ្ពស់ ជាវិស្ណុអវតាដែលមានឫទ្ធានុភាពបារមីខ្លាំងពូកែអាចយកឈ្នះលើសភាវៈអាក្រក់បានទាំងអស់ក្នុងឋានទាំងបី។

    សរុបសេចក្តីមក រាល់សកម្មភាពរបស់ព្រះរាមដែលមានក្នុងដំណើររឿង គឺបានបង្ហាញពីទេវភាពក្នុងការបង្ក្រាបសត្រូវ និងបានបង្ហាញពីភាពអស្ចារ្យដែលមនុស្ស សត្វ ឬទេវៈដទៃមិនអាចយក ឈ្នះលើព្រះអង្គបានឡើយ។

    រួមសេចក្តីមក មតិទីមួយដែលបានលើកឡើងថា ព្រះរាមជាមនុស្សធម្មតាគឺពិតជាសមហេតុសមផល ព្រោះចាប់ពីខ្សែទីមួយទៅព្រះរាមបានបាត់បង់លក្ខណៈជាអទិទេពបណ្តើរៗហើយ រីឯមតិទីពីរក៏សមស្របដែរព្រោះមូលហេតុនៃបញ្ហាគឺបណ្តាលមកពីសភាវៈ អាក្រក់ តែបើឱ្យតម្លៃទៅលើទេវៈ វាហាក់ដូចបំបាត់ចោលនូវឧត្តមគតិរបស់អ្នកនិពន្ធ។ ករណីនេះ ព្រះរាមពុំមែនជាអទិទេព ឬជាមនុស្សធម្មតានោះទេ តែព្រះរាមជាមនុស្សធន់អន់តែម្តង នេះបើ យើងយោងតាមខ្សែទីចិសិបប្រាំ ដល់ខ្សែទីប៉ែតសិប បានបង្ហាញថាព្រះរាមអន់ជាងមនុស្សធម្មតាទៅទៀត ព្រោះបានបោកបញ្ឆោតនាងសីតាជាប្រពន្ធខ្លួន បានរករឿងសម្លាប់កូនខ្លួនឯងដែលនេះ ជាទង្វើមួយដ៏ថោកទាបបំផុត។ ជាលទ្ធផល ព្រះនាងសីតានៅតែពុំព្រមអត់ឱនឱ្យព្រះរាមដដែល នេះសបញ្ជាក់ឱ្យឃើញថា អ្នកនិពន្ធចង់បង្អាប់ និងបន្ទាបតម្លៃព្រះរាមដែលពីដំបូងមានលក្ខណៈ ជាអទិទេព ក្រោយមកក្លាយជាមនុស្សធម្មតា និងចុងបញ្ចប់ក្លាយជាមនុស្សកំពូលអន់។

    ឆ្លងតាមរយៈការពិភាក្សាខាងលើរួចមក យើងអាចវាយតម្លៃចុងក្រោយបានថាមតិដែលយល់ថា ព្រះរាមជាមនុស្សធម្មតាអាចត្រឹមត្រូវ តែពុំទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយនោះទេ ព្រោះឧត្តមគតិអ្នកនិពន្ធចង់បង្អាប់ទេវភាព ពោលគឺចង់ធ្វើឱ្យរឿងរាមាយណឥណ្ឌាក្លាយមកជារាមកេរ្តិ៍ខ្មែរតាមបែបនិម្មិតកម្មទៅវិញ ហើយមតិទីពីរដែលថា ព្រះរាមជាអទិទេពនោះពុំត្រឹមត្រូវឡើយ។ ដូចនេះ ក្នុងនាមយើងជាមនុស្សជំនាន់ក្រោយ ត្រូវសិក្សាវិភាគទៅលើអ្វីមួយឱ្យបានស៊ីជម្រៅ កុំវាយតម្លៃតែលើរូបរាងខាងក្រៅ ឬសើរៗទៅលើខ្លឹមសារ ទើបអាចវាយតម្លៃបញ្ហាបានត្រឹមត្រូវ និងចេះច្នៃប្រឌិតកិច្ចការទាំងពួង ទោះបីយកពីគេមកមែន តែកុំយកមកទាំងស្រុងឡើយ៕


បញ្ចេញមតិ

0 Comments